ព័ត៌មានទាន់ហេតុការណ៍៖

ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការពណ៌ស្រអាប់ និងពណ៌ដី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ពង្រូល (ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត៖ Manis javanica)។ ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការពណ៌ស្រអាប់ និងពណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។ ជើងមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ 

 ក្រសួងបរិស្ថាន បានបន្តថា, វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។ ពង្រូលជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដីហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ។ ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី។ នៅក្នុងប្រទេសកម្ពុជា      ពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជ (CR) ៕

ប្រភព៖ Neth Pheaktra


ចែករំលែក៖