ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុសស្រី២២នាក់ចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះត្រូវកម្លាំងការពារព្រំដែនគោក៨១៥ទប់ស្កាត់ដើម្បីធ្វើការអប់រំ។
នគរបាលម្នាក់បញ្ជាក់ថាៈដោយអនុវត្តន៍ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្តិ៍ចំបក់ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ទទួលទិសប៉ុស្តិ៍ចំបក់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង បានទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន ២២នាក់ (ស្រី០៩នាក់ កុមារ០៥នាក់) បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅចំណុចផ្ទះដែលម្ចាស់ទុកចោល (ម្ចាស់ធ្វើចំណាកស្រុក) មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៤គឺ ៖
១.បន្ទាយមានជ័យ ១៣នាក់
២.ឧត្តរមានជ័យ ០១នាក់
៣.បាត់ដំបង ០៤នាក់
៤.កំពង់ធំ ០៤នាក់
លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង បានឱ្យដឹងថា៖ បានសួរនាំ ប្រជាពលរដ្ឋចំនួន ២២នាក់ បម្រុងលួចឆ្លងដែននោះ ពួកគាត់បានជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលប៉ុស្តិ៍ចំបក់ រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិ បំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ) ។
លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង បានឱ្យដឹងទៀតថា៖ បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីធ្វើការអប់រំមិនឲ្យឆ្លងដែនខុសច្បាប់រួចធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ៕
ដោយ ៖ វណ្ណា