ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ម្អមស្រែ មានកម្ពស់១០-៣០ស.ម។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣x ០,៥-១ស.ម គែមស្លឹកមានធ្មេញរណាតិចៗ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា រីឯផ្កាវា ២ ទៅ១០ផ្តុំជាចង្កោមនៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើងប្រវែង៣-៥ម.ម។ ត្របកផ្កាមានប្រវែង ៣ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កាប្រវែង ១០-១៥ម.ម ចែកជា ២ផ្ទាំងពណ៌ក្រហមស្វាយមានរោម។
កេសរឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើមដែលមានទឹករាក់។
គួរបញ្ជាក់ថា ចំពោះការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖
_គ្រឿងទេស បង្កើនក្លិនឈ្ងុយក្នុងម្ហូប សម្លម្ជូរ និងស៊ុប។
_ ឱសថ ព្យាលបាលក្អកមាន់ គ្រុន កើតបូសជាដើម៕
ដោយ៖សហការី