ការស៊ើបអង្កេតលើការស៊ីសំណូកនិងអំពើពុករលួយ កើតឡើងនៅសភាអឺរ៉ុបបានបង្កភាពចលាចលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប និងអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
នេះត្រូវបានគេជឿថាជារឿងអាស្រូវដ៏ធំបំផុតរបស់សភាអឺរ៉ុបចាប់តាំងពីសហគមន៍នេះត្រូវបានបង្កើតឡើង។ ដំណឹងនៃការចាប់ខ្លួននេះបានបង្កឱ្យមានការខឹងសម្បានិងអំពាវនាវឱ្យមានវិធានការដោះស្រាយអំពើពុករលួយក្នុងសភាអឺរ៉ុបជាបន្ទាន់។
ឧប្បត្តិហេតុនេះត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយ ក្នុងនោះមានកាសែត New York Times របស់សហរដ្ឋអាមេរិកបានហៅរឿងនេះថាជា “រឿងអាស្រូវកាតារ” ដ៏គួរឱ្យភ្ញាក់ផ្អើលដែលពាក់ព័ន្ធនឹងឥស្សរជនសំខាន់ៗនៃសភាអឺរ៉ុប។ កាសែតនេះបាននិយាយថា តួសំខាន់ក្នុងរឿងអាស្រូវនេះគឺ Eva Kaili ជនជាតិក្រិក អនុប្រធានម្នាក់ក្នុងចំណោម១៤រូបនៃសភាអឺរ៉ុប និងជាសមាជិកនៃសម្ព័ន្ធរ៉ាឌីកាល់នៃសង្គម(Social Radical Alliance) និងប្រជាធិបតេយ្យ (S&D) ។ លោកស្រី Kaili គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់របស់ទីក្រុងប្រ៊ុចសែល។
កាសែតអង់គ្លេស The Guardian បានបង្ហាញឱ្យដឹងថា មនុស្ស៥នាក់ត្រូវបានប៉ូលិសបែលហ្ស៊ិកចាប់ខ្លួនដោយចោទប្រកាន់ពីបទពុករលួយទាក់ទងនឹងប្រទេសម្ចាស់ផ្ទះ World Cup ឆ្នាំ 2022 គឺប្រទេសកាតារ។ កាសែតនេះបានដកស្រង់សម្តីនាយកអង្គការតម្លាភាពអន្តរជាតិ និងជាអតីតសមាជិកសភាអឺរ៉ុប លោក Michiel van Hulten ដែលបាននិយាយថា “កំណែទម្រង់រ៉ាឌីកាល់” នៃសភាអឺរ៉ុបគឺចាំបាច់ ព្រោះវាមានរយៈពេលជាច្រើនទសវត្សរ៍មកហើយដែលអង្គការនេះបានរក្សានូវវប្បធម៌នៃនិទណ្ឌភាព ការគ្រប់គ្រងហិរញ្ញវត្ថុធូររលុង និងគ្មានការគ្រប់គ្រងឯករាជ្យ។
ទីភ្នាក់ងារសារព័ត៌មាន CBS របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា មានការស៊ើបអង្កេតជាង២០ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ដែលបានអង្រួនអឺរ៉ុប ភាគច្រើននៅបែលហ្ស៊ិក និងអុីតាលី។ ក្រុមស៊ើបអង្កេតបានរឹបអូសប្រាក់សរុបចំនួន៦០ម៉ឺនអឺរ៉ូ និងឧបករណ៍កុំព្យូទ័រ និងទូរស័ព្ទមួយចំនួន។
ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Usula von der Leyen ដែលបានបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការចោទប្រកាន់ក្នុងសំណុំរឿងនេះ។ លោកស្រី Leyen បានអំពាវនាវឱ្យបង្កើតក្រុមឃ្លាំមើលសីលធម៌ឯករាជ្យនាពេលអនាគត ដើម្បីធានាថា “ទំនុកចិត្ត និងទំនុកចិត្តលើស្ថាប័នសហភាពអឺរ៉ុបត្រូវការស្តង់ដារខ្ពស់បំផុតនៃឯករាជ្យភាព និងសុចរិតភាព”៕ ដោយ៖ ធីរីណា
រូបថត ៖ VOV.VN