ភ្នំពេញ៖ លោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី កាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១៥ ធ្នូម្សិលមិញនេះ។
ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាក់ស្ដែងកម្លាំងសមត្ថកិច្ចជំនាញបានស្រង់យកគំរូដូចជាបន្លែ ផ្លែឈើ មី គុយទាវ ប្រហិត គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត សាច់ក្រក….។ល។ ចំនួន៨៥គំរូ យកមកវិភាគនៅរថយន្តពិសោធន៍របស់អគ្គនាយកដ្ឋាន(ក.ប.ប) ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ។
ជាមួយនេះ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យពីអនុលោមភាពផ្នែកបទដ្ឋាន ព័ត៌មាន និងបទប្បញ្ញាតិ្តច្បាប់ជាធរមាន នៃផលិតផលប្រើប្រាស់ ជាលទ្ធផលបានដកហូតផលិតគ្រឿងសម្អាង ឡេលាបស្បែក ពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទចំនួន ១,០៣០កំប៉ុង ស្មើនឹង២៤៥គីឡូក្រាម បញ្ជូនទៅអគ្គនាយកដ្ឋាន (ក.ប.ប) ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ស តារា