ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល៣ថ្ងៃក្រោយការសាកល្បងម៉ាស៊ីនសម្រាប់អាវុធយុទ្ធសាស្ត្រថ្មី

ចែករំលែក៖

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចផ្លោងចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការសាកល្បងម៉ាស៊ីនឥន្ធនៈរឹងសម្រាប់ប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី។
យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការសាកល្បងម៉ាស៊ីនសម្រាប់ប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា យោធារបស់ទីក្រុងសេអ៊ូលបានឱ្យដឹងថា នៅថ្ងៃ១៨ ខែធ្នូកូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគដែលមិនទាន់អាចកំណត់ប្រភេទបានយ៉ាងហោច ណាស់១គ្រាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងទើបតែបានប្រកាសជោគជ័យពីការសាកល្បងម៉ាស៉ីនម៉ូទ័រដែលដំណើរការដោយឥន្ធនៈរឹងសម្រាប់ប្រព័ន្ធសព្វាវុធថ្មីរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ។
សេនាធិការចម្រុះយោធាកូរ៉េខាងត្បូងបានបន្តថា មីស៉ីលបាលិស្ទីគដែលកូរ៉េខាងជើងបាញ់តេស្តខាងលើ បានធ្លាក់ចូលសមុទ្រខាងកើតដែលត្រូវគេស្គាល់ដោយឈ្មោះមួយផ្សេងថា សមុទ្រជប៉ុន។ នៅក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីលច្រើនលើកជាទីបំផុត ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលបាលិ
ស្ទីគអន្តរទ្វីប ឬ ICBM ដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនផងដែរ កាលពីមួយខែមុន។
គួរបញ្ជាក់ថា មីស៉ីល ICBM ទាំងអស់របស់កូរ៉េខាងជើងទាំងអស់ ដែលអន្តរជាតិបានដឹង គឺសុទ្ធតែដំណើរការដោយឥន្ធនៈប្រភេទរាវ ប៉ុន្តែលោក គីម ជុងអ៊ុន បានផ្តោតអាទិភាពយុទ្ធសាស្រ្តជាចម្បងទៅលើការអភិវឌ្ឍម៉ាស៉ីនដែលដំណើរការដោយឥន្ធនៈរឹងសម្រាប់បំពាក់លើមីស៉ីលទំនើបៗជំនាន់ថ្មី។
តួយ៉ាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យនៃការធ្វើតេស្តម៉ាស៉ីនម៉ូទ័រមួយដែលប្រើថាមពលឥន្ធនៈរឹង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងអះអាងថា វាជាការសាកល្បងដ៏សំខាន់សម្រាប់កិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសព្វាវុធយុទ្ធសាស្រ្តប្រភេទថ្មីមួយទៀត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS


ចែករំលែក៖