ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី ​៖​ សូមគោរពអបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះការប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម»

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ សូមគោរពអបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះការប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជាកិត្តិយសជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ 

លោក​ ហ៊ុន​ ម៉ានី​ បានគូសបញ្ជាក់ថា​ ក្នុងនាមជាពលរដ្ឋកម្ពុជា ពួកយើងពិតជាមានមោទកភាពដែលមានមេដឹកនាំប្រកបដោយសមត្ថភាព ភាពវៃឆ្លាត និងជាពិសេសមាននូវទឹកចិត្តដ៏បរិសុទ្ធ តស៊ូ លះបង់គ្រប់បែបយ៉ាងចំពោះជាតិ និងប្រជាជន។ បន្ថែមពីលើនេះ ការទទួលស្គាល់ជាអន្តរជាតិជាបន្តបន្ទាប់ គឺជាការបញ្ជាក់ជាឱឡារឹកនៃសមិទ្ធផលដែលកើតចេញពីការដឹកនាំរបស់សម្តេច ក្នុងការរុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល វិបុលភាព និងសន្តិភាពអស់កាលជាយូរអង្វែង។

លោក​ ហ៊ុន​ ម៉ានី​ បានសង្កត់ធ្ងន់ថា​ ក្នុងនាមជាកូន កូនៗ និងចៅៗទាំងអស់គ្នា សូមសម្តែងនូវកត្តញ្ញូតាធម៌ចំពោះលោកពុក លោកតា និងសូមចងចាំនូវគម្រូវីរភាពនេះ ហើយប្តេជ្ញាបន្តស្មារតី មនសិកានេះឱ្យបានស្ថិតស្ថេរគង់វង្សរៀងដរាប៕

ដោយ​៖សហការី​


ចែករំលែក៖