ខេត្តបាត់ដំបង៖ ក្រុមអ្នកញៀនល្បែងស៉ីសងខុសច្បាប់ប្រភេទបញ្ជល់មាន់ នៅស្រុកបាណន់ចំនួន០៥នាក់ រួមនឹងវត្ថុតាងជាក់ស្ដែងត្រូវបានកម្លាំងនគរបាលស្រុកចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា អនុវត្តជាប់ជាប្រចាំនូវយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១៨ ខែធ្នូម្សិលមិញនេះបានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីល្បែងសុីសង(បញ្ជល់មាន់)០១ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងនិងបានហៅអ្នកប្រព្រឹត្តល្បែងបានចំនួន០៥នាក់មកធ្វេីការសាកសួរណែនាំ។
វត្តុតាងចាប់យកបានរួមមាន៖
-មាន់ឈ្មោលចំនួន០៣ក្បាល
-ស្បៃអ៊ុយហ៊ុមធ្វើសង្វៀនសម្រាប់បញ្ជល់មាន់ចំនួន០១ផ្ទាំង
-ក្រណាត់ក្រាលសង្វៀនបញ្ជល់មាន់០១ផ្ទាំង
-ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១
-ធុងជ័រដាក់ទឹកចំនួន០១
-ម៉ូតូចំនួន០៣គ្រឿង (ម៉ូតូចាស់)
-ទូរស័ព្ទដៃចំនួន០៣គ្រឿង(ទូរស័ព្ទចាស់)
ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងបន្តទៀត និងបានឱ្យក្រុមគ្រួសារផ្តិតមេដៃធានាត្រឡប់ទៅសហគមន៍វិញ៕
ដោយ៖អារុណរះ