ភ្នំពេញ ៖ ក្រុមKP zin ជារហស្សនាមរបស់ក្រុមអ្នកលេងបងតូចបងធំប្រចាំភូមិ ចំនួន១៣នាក់កំពុងផ្តុំគ្នាដេកលក់ស្រួលក្នុងរោង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលឃាត់ខ្លួននិងដកហូតបានម៉ូតូ៣គ្រឿង កាំបិតបុ័ងតោមួយដើម គ្រាដែលកម្លាំងសមត្ថកិច្ចដើរស្វែងរកម៉ូតូមួយគ្រឿងមានភ្ជាប់ប្រព័ន្ធGPS ក្រោយពីនារីចិត្តស្លុយ២នាក់ឆបោកយកពីយុវជនម្នាក់នៅត្រង់ចំណុចដីឡូត៍ទុកចោលមួយកន្លែងក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
តាមសម្ថកិច្ចបានឱ្យដឹងថា ក្រុមKP zin ជាក្រុមអ្នកលេង ក្មេងជើងកាង ទំនើងប្រចាំភូមិ ដើរបង្កបញ្ហាវាយកាប់ចាក់ ក្នុងមូលដ្ឋាន លែងស្តាប់ម៉ែឪ លែងដេកផ្ទះ មកប្រមូលផ្តុំគ្នាដើរដេកក្នុងរោង បើមើលមួយភ្លែតថាជារោងទា ដើរទៅអើតមើលឃើញ១៣នាក់ដេកគរលើគ្នា ។
សមត្ថកិច្ចបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ដើមចម ៖ មានយុវជនម្នាក់ឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានស្គាល់ ស្រឡាញ់គ្នាជាមួយនារីបែកស្លុយ២នាក់ អស់រយៈពេល១ខែមកហើយ ធ្លាប់នាំគ្នាដើរលេង ធ្លាប់ដេកដាច់យប់ ហើយនារីទាំង២នាក់នោះក៏ជាមនុស្សដែលក្រុមក្មេងទំនេីងទាំង១៣នាក់ធ្លាប់ស្គាល់ដែរ ស្រាប់តែនៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ យុវជនឈ្មោះ ចែម រ៉ាម៉ា បានឆាតណាត់បបួលនារីទាំង២នាក់ឌុបតាមចេញពីផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ដើរលេងទៅហូបបង្អែមនៅតាមផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល ស្រាប់តែនារីជាសង្សារទាំង២នាក់នោះ ឆ្លៀតឱកាសបោកយកម៉ូតូរបស់យុវជនរងគ្រោះទៅបាត់ ដែលម៉ូតូនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1JU-6279 ។
ក្រោយពីចាញ់ល្បិចស្រីបោកអស់ម៉ូតូមួយគ្រឿងមក រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ហើយឲ្យក្រុមហ៊ុនឆែកពិនិត្យមើលតាមរយៈGPS ឃើញសញ្ញាលោតត្រង់ចំណុចដីឡូត៍ទុកចោលក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ទាំងម្ចាស់ម៉ូតូទាំងសមត្ថកិច្ចចុះទៅស្វែងរកបែរជាប្រទះឃើញក្រុមក្មេងទំនើង១៣នាក់រហស្សនាមក្រុមអ្នកលេង KP zin រីឯម៉ូតូមិនឃើញឡើយ តែឃើញដុំGPS នៅតាមផ្លូវក្បែរកន្លែងក្មេងទំនើងដេក ក៏ឃាត់ខ្លួនតែម្តង ដកហូតបានម៉ូតូ៣គ្រឿង កាំបិតបុ័ងតោមួយដើម។
បន្ទាប់ពីឃាត់ខ្លួនក្រុមអ្នកលេងបាន១៣នាក់ខណៈដែលសមត្ថកិច្ចខណ្ឌកំបូលកំពុងតាមចាប់ខ្លួនស្រាប់ផង ឥឡូវឃើញហើយឃាត់តែម្តង នាំយកទៅសាកសួរនៅផ្នែកំជំនាញខណ្ឌកំបូល ។ រីឯយុវជនដែលត្រូវស្រីបោក សមត្ថកិច្ចនាំទៅសាកសួរ និងទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីស្រាវជ្រាវរកនារីសង្ស័យ២នាក់ខាងលើ ៕
ដោយ៖សុខាសែនជ័យ