ព័ត៌មានទាន់ហេតុការណ៍៖

អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មី ប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណ អេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង

ចែករំលែក៖

ភ្នំពេញ ៖ កាន់តែទំនើប នាសម័យបច្ចេកវិទ្យា ខណៈអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មី ប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណ អេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល របស់ក្រសួងមុខងារសាធារណៈ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា, បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូនមន្ត្រីរាជការស៊ីវិលនិងសាធារណជន មេត្តាជ្រាបជាបន្តទៀតថា ក្រសួងមុខងារ សាធារណៈ សហការជាមួយធនាគារដៃគូ បានបោះពុម្ភអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងចាប់ផ្ដើមដំណើរការផ្ដល់ជូនមន្ត្រីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណ អេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។

ពិធីប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹងប្រព្រឹត្តទៅ នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីខាងមុខនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់សាជាថ្មីម្តងទៀតពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គម ជាតិ ក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ត្រីរាជការស៊ីវិល និងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាប និងចូលរួមសហការឱ្យបានល្អប្រសើរ៕

ដោយ : សិលា


ចែករំលែក៖