ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថាន ៖ ក្រុមតាលីបង់បានចេញសេចក្តីជូនដំណឹងមួយ ហាមស្ត្រីទៅរៀនសាកលវិទ្យាល័យ

ចែករំលែក៖

រដ្ឋមន្ត្រីឧត្តមសិក្សាអាហ្វហ្គានីស្ថាន លោក Neda Mohammad Nadeem បានទាមទារ “អនុវត្តការព្យួរការអប់រំដល់ស្ត្រីជាបន្ទាន់ រហូតដល់មានការជូនដំណឹងបន្ថែម”។
កាលពីថ្ងៃទី២០ ខែធ្នូ រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានចេញសេចក្តីណែនាំហាមឃាត់ការអប់រំថ្នាក់ឧត្តមសិក្សាសម្រាប់ស្ត្រីទូទាំងប្រទេស។
នៅក្នុងការណែនាំទៅកាន់សាកលវិទ្យាល័យសាធារណៈ និងឯកជន រដ្ឋមន្ត្រីឧត្តមសិក្សាអាហ្វហ្គានីស្ថាន Neda Mohammad Nadeem បានទាមទារ “អនុវត្តការព្យួរការអប់រំដល់ស្ត្រីជាបន្ទាន់ រហូតដល់មានការជូនដំណឹងបន្ថែម”។
ការសម្រេចចិត្តនេះកើតឡើងមិនដល់បីខែផងបន្ទាប់ពីនិស្សិតស្រីរាប់ពាន់នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រឡងចូលសាកលវិទ្យាល័យរបស់ពួកគេ ដែលភាគច្រើនជ្រើសរើសយកជំនាញផ្នែកអប់រំនិងវេជ្ជសាស្ត្រ។ សាកលវិទ្យាល័យនៅក្នុងប្រទេសនេះកំពុងសម្រាករដូវរងា ហើយនឹងបើកឡើងវិញនៅខែមីនា ឆ្នាំ២០២៣។
ប្រតិកម្មចំពោះទង្វើនេះ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថានដែលជាប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Roza Otunbayeva បានសម្តែងការខកចិត្តចំពោះការហាមប្រាមរបស់រដ្ឋាភិបាលតាលីបង់ ដោយនិយាយថា វានឹងមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់អវិជ្ជមានដល់ប្រទេសផងដែរ។
លោកស្រី Roza Otunbayeva បានសង្កត់ធ្ងន់ថា ក្មេងស្រីជាច្រើនបានបាត់បង់ឱកាសសិក្សាចាប់តាំងពីក្រុមតាលីបង់បានបិទសាលាវិទ្យាល័យសម្រាប់ក្មេងស្រីនៅក្នុងខែមីនាឆ្នាំនេះ ហើយឥឡូវនេះបានសម្រេចចិត្តហាមឃាត់ស្ត្រី ចូលសាកលវិទ្យាល័យទៀតផង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN

 

 


ចែករំលែក៖