ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី «ថ្ងៃនេះពុកពិតជាមានសេចក្ដីសោមនស្សរីករាយជាទីបំផុតដែលបានមកជួបកូនៗនៅទីនេះសាជាថ្មីម្ដងទៀត និងរីករាយថ្ងៃបុណ្យណូអែល (Merry Christmas)»

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង សហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមចែករំលែកក្ដីស្រលាញ់ទៅកាន់ប្អូនៗដែលរស់នៅក្រោមការមើលថែទាំរបស់អង្គការផ្ទះបាយកុមារ នាឱកាសបុណ្យ ណូ អែល(Christmas)។ 

    ជានិច្ចកាល លោកប្រធានតែងតែមកជួបប្អូនៗនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីសួរសុខទុក្ខ និងនាំយកសម្ភារចាំបាច់មួយចំនួនមកឧបត្ថម្ភ និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាល ផ្តល់កម្លាំងចិត្តដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ដែលជាទំពាំងស្នងឫស្សី សម្រាប់អនាគត។ 

   គួរបញ្ជាក់ដែរថា បើទោះបីជាលោកខកខានមិនបានមកជួបកូនៗ និងប្អូនៗ នាពេលកន្លងមក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែលោក នៅតែបន្តឧបត្ថម្ភគាំទ្រចំពោះប្អូនៗ នៅក្នុងអង្គការផ្ទះបាយកុមារ តាមរយៈការនាំយកអាហារ សម្ភារចាំបាច់មួយចំនួន មកជូនកូនៗ។ ជាក់ស្ថែងនាព្រឹកនេះ លោកបាននាំយកគ្រឿងឧបត្ថម្ភ អាហារ សម្ភារនិងជាពិសេស កាដូដើម្បីចែកជូនប្អូនៗ ក្នុងឱកាសបុណ្យណូអែល (Christmas)នេះផងដែរ។

   ជាចុងក្រោយ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថិរភាពរបស់អង្គការផ្ទះបាយកុមារ ក៏ដូចជាបណ្ដុះបណ្ដាលប្អូនៗឱ្យមានភាពរឹងមាំ លូតលាស់ ធំធាត់បានដោយខ្លួនឯង ៕

ដោយ ៖ សហការី


ចែករំលែក៖