ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសបានចោទប្រកាន់ទាំងបំពានមកលើកងម្លាំងនគរបាលជាតិ ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀនទៀតផង ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា៖
១- សារធាតុញៀន ដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ច័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។
២- ការដុតបំផ្លាញសារធាតុញៀន ត្រូវបានអនុវត្តទៅតាមនីតិវិធីដោយមានសេចក្តីសម្រេច សាលក្រម សាលដីកា របស់តុលាការ និងមានក្រុមងារមកពីអជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដែលមានព្ររាជអាជ្ញារាជាធានី-ខេត្ត ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះមុនពេលដុតបំផ្លាញត្រូវមានគណៈកម្មការចម្រុះត្រួតពិនិត្យការដឹកជញ្ជូន និងការដុតបំផ្លាញយ៉ាងហ្មត់ចត់រហូតដល់ចប់សព្ធគ្រប់ ដោយគ្មានជនណាម្នាក់អាចលួចលាក់យកគ្រឿងញៀនទាំងនោះបានឡើយ។ ការដុតបំផ្លាញសារធាតុញៀន ត្រូបានអនុវត្តរៀងរាល់ឆ្នាំក្នុងពិធីប្រារព្ធទិវាអន្តជាតិប្រឆាំងគ្រឿងញៀន ដោយបានធ្វើការផ្សព្ធផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ប្រព័ន្ធព័ត៌មានទៀតផង។
៣- ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដកា់ខ្ពស់ក្នុងការគ្រប់គ្រង ដឹកនាំនគរបាលជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ លើកសរសើរជូនរង្វាន់ចំពោះបុគ្គលមានស្នាដៃ និងដាក់ទោសចំពោះមន្ត្រីអសកម្ម ល្មើសវិន័យ និងល្មើសច្បាប់ ដោយមិនទុកឲ្យមន្ត្រីណាម្នាក់ប្រព្រឹត្តល្មើសច្បាប់បានឡើយ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធ និងថ្កោលទោសចំពោះទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្តហួសព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល នី ណាក់ និងតម្រូវឲ្យបុគ្គលរូបនេះ ធ្វើការសុំទោសជាសាធារៈនូវរាល់កំហុសឆ្គង ដែលបានចោទប្រកាន់ ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងម្លាំងនគរបាលជាតិ៕
ដោយ : សិលា