ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង១៣និង៤៧នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង៤និង៤០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបន្តថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ លេង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ នង សុវណ្ណដង់ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានករណីជនសង្ស័យបានធ្វេីសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ពេលនោះជនរងគ្រោះបានឃើញទាន់ក៏ស្រែកឆោឡោប្រាប់សន្តិសុខឱ្យធ្វេីការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន ហេីយកន្លងមកខ្លួនធ្លាប់បានលួចទូរស័ព្ទ លួចសម្ភារនិងលួចគាស់ផ្ទះគេជាច្រើនដងទៀតផង ។
ដោយផ្អែកតាមចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ វណ្ណា