ភ្នំពេញ ៖ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅវីលៀមគាំង អតីតមេបក្សខ្មែរក្រោក ដែលកំពង់ជាប់ពន្ធនាគារទាំងសំបុក ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យនាំខ្លួនពីពន្ធនាគារព្រៃសមកកាន់អយ្យការដើម្បីសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌមួយថ្មីទៀតដែលតុលាការកំពុងចាត់ការ។
សំណុំរឿងថ្មីនេះគឺស្ថិតនៅក្នុងចំណាត់ការរបស់លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
កាលពីសប្ដាហ៍មុន ជនជាប់ចោទឈ្មោះ សុខ សុវណ្ណស្រីសុរិយាពណ៌ ជាប្រពន្ធរបស់វីលៀមក៏ត្រូវបានព្រះរាជអាជ្ញាអមតុលាការបង្គាប់ឱ្យនាំខ្លួនមកកាន់តុលាការដើម្បីធ្វើការសាកសួរក្នុងសំណុំរឿងថ្មីនេះផងដែរ ។
យោងតាមឯកសារសំណុំរឿងថ្មីដែលអយ្យការបានធ្វើការសាកសួរលើជនជាប់ចោទ វីលៀមគាំង និងប្រពន្ធ គឺអយ្យការបានចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស , បទកាន់កាប់អាវុធដោយគ្មានការអនុញាត និងបទក្លែងឯកសារសាធារណៈ » ។
ប្រភពមួយបានទម្លាយឱ្យដឹងថា លោកវីលៀមនិងបក្សពួកបានព្យាយាមប្លន់ប្រដាប់អាវុធលើឧកញ៉ាម្នាក់នៅមុនមានការប្លន់អ្នកលក់ឡេតាមអនឡាញ ប៉ុន្តែប្លន់មិនបានសម្រេច ។
គួររំលឹកថា ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស លោក វីលៀម គ័ង ប្រធានគណបក្សខ្មែរក្រោកដាក់ពន្ធនាគារកំណត់រយៈពេល៩ឆ្នាំ និងបក្ខពួកផ្សេងទៀតពី៦ ដល់៨ឆ្នាំ ដោយចោទប្រកាន់ចំនួន៣បទល្មើសជុំវិញសកម្មភាពប្លន់ទ្រព្យសម្បត្តិអ្នកលក់ឡេ កាលពីចុងឆ្នាំ២០២១កន្លងទៅ។
នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទចំនួន៨នាក់ រួមមាន ៖
១-ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅ វីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។
២-ឈ្មោះ គេច ម៉ាច ហៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។
៣- ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ។
៤-ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៥-ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៦-ឈ្មោះ ខុន វឌ្ឍនៈបូរមុី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៧-ឈ្មោះ សុ វណ្ណស្រីសូរិយាពណ៌ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៨-ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកអនុវត្តន៍តាមសេចក្ដីសម្រេចរបស់តុលាការ និងសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ក្រុមប្រឹក្សាជំនុំជម្រះបានឱ្យដឹងដែរថា តុលាការបានចោទប្រកាន់ជនទាំង៨នាក់ពីបទ ៖ ១.បទ លួចមានស្ថានទម្ងន់ទោស, ២.បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងទី៣.បទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងលើអ្នកលក់ឡេ ឈ្មោះ អ៊ាន សៀវម៉ី ស្ថិតនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។នៅក្នុងករណីនេះ ក្រុមជនប្រដាប់អាវុធ ប្រមូលទ្រព្យសម្បត្តិមួយចំនួនធំ និងបានគេចខ្លួន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់បើកប្រតិបត្តិការបង្រ្កាបបានតែម្តង។
ក្រោយការបង្រ្កាបនោះដែរ សមត្ថកិច្ចបានដកហូតអាវុធជាច្រើនដើម ដែលពួកគេបានធ្វើសកម្មភាពប្លន់ និងរឹបអូសបានគ្រឿងអលង្ការមួយចំនួនប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ ៖ រ៉ារ៉ា