ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើ Isco គឺត្រឹមតែ៤ខែបន្ទាប់ពីការចុះហត្ថលេខាលើអតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះលើការផ្ទេរដោយមិនមានតម្លៃខ្លួន។កីឡាករវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយ Sevilla ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំក្នុងខែសីហា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្លិប Real Madrid ។
បន្ទាប់ពីផ្ទេរពី Malaga ក្នុងឆ្នាំ២០១៣ Isco បានជួយ Real Madrid ឈ្នះ Champions League ៥ដង និង La Liga ៣ដង ប៉ុន្តែពេលនេះគាត់ត្រូវបានចាកចេញពីក្លិបវិញហើយ បន្ទាប់ពីលេងបានតែ១៩ប្រកួតសម្រាប់ Sevilla ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និង Assist ៣ដង។
Sevilla បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា “ក្លិបចង់ជូនពរ Isco ឱ្យជួបតែសំណាងល្អសម្រាប់អនាគត”។ អ្នកគាំទ្រជាង១០,០០០នាក់បានចូលរួមបទបង្ហាញរបស់ Isco ក្នុងនាមជាកីឡាកររបស់ Sevilla ក្នុងខែសីហា ប៉ុន្តែគ្រូបង្វឹកលោក Julen Lopetegui ត្រូវបានបណ្តេញចេញនៅក្នុងខែតុលា។
Isco ត្រូវបានគេគិតថា មិនមែនជាផ្នែកនៃផែនការរបស់គ្រូបង្វឹកថ្មីលោក Jorge Sampaoli ហើយត្រូវបានគេរាយការណ៍ថា មានការប្រឈមមុខជាមួយប្រធានផ្នែកកីឡារបស់ Sevilla លោក Monchi អំឡុងពេលហ្វឹកហាត់ក្នុងខែនេះ។
គាត់បានស៊ុតបញ្ចូលទីបាន៥៣គ្រាប់ក្នុង៣៥៣ប្រកួតសម្រាប់ក្រុម Real Madrid ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ១៧ប្រកួតប៉ុណ្ណោះក្នុងរដូវកាលចុងក្រោយរបស់គាត់នៅឯ Bernabeu ហើយជាកីឡាករបម្រុងដែលមិនធ្លាប់មាន ខណៈដែល Real Madrid បានផ្តួលក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
ជាអតីតកីឡាករយុវជនរបស់ក្លិប Valencia ខ្សែបម្រើ Isco ក៏បានស៊ុតបញ្ចូលទីបាន១២គ្រាប់ក្នុង៣៨ប្រកួតសម្រាប់ប្រទេសអេស្ប៉ាញជាមួយនឹងការបង្ហាញខ្លួនជាអន្តរជាតិចុងក្រោយរបស់គាត់នៅឆ្នាំ២០១៩ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)