ខេត្តកែប ៖ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដេីម្បីអបអរសាទរក្នុងឱកាសឆ្លងឆ្នាំ២០២២-២០២៣ នេះ រដ្ឋបាលខេត្ត នឹងរៀបចំកម្មវិធីកំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រ រួម ជាមួយនឹងការប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម។ ជាពិសេសនៅយប់ឆ្លងឆ្នាំនេះ នឹងមានការអុជកាំជ្រួច និងបង្ហោះគោម ជាច្រេីនផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ មជ្ឈដ្ឋាន មេត្តាជ្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២២-២០២៣ និងអបអរសាទរខួប លើកទី៤៤ នៃ ទិវាបុណ្យជាតិជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) រដ្ឋបាលខេត្តនិង រៀបចំឱ្យមានព្រឹត្តិការណ៍ កំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រ រួម ជាមួយនឹងការប្រគុំតន្រ្តី អុជកាំជ្រួច និងបង្ហោះគោម ទៅតាមពេលវេលាដូចខាងក្រោម៖
១.ការប្រគុំតន្ត្រី ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នៅទីតាំង បរិវេណឆ្នេរជ្រោយដូង
២.ពិធីបង្ហើរខ្លែងខ្មែរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល ស្ថិតនៅសួនច្បារមុខសាលាខេត្ត
៣.ពិធីអុំទូកផ្កាចារសមុទ្រ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹកតទៅ ស្ថិតនៅ ឆ្នេរលេងទឹកខេត្ត
៤. អុជកាំជ្រួច និងបង្ហោះគោម នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីយប់ រហូត ដល់ម៉ោង ១២០០ រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ដើម្បីញ៉ាំងឱ្យបរិយាកាសក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅប្រកបដោយមហោឡារិក អធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកែប សូមគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីណនាំស្តីពីការគ្រប់គ្រង ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លងចូលឆ្នាំ២០២៣។
សូមបញ្ជាក់ដែរថា ខេត្តកែប គឺជាខេត្តទេសចរណ៍ធម្មជាតិ ដែលបច្ចុប្បន្នកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕
ដោយ៖សហការី