ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះថា៖ យុវជនប្រុស-ស្រីចំនួន០៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកសង្កែ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ក្នុងនោះមានបុរសចំនួន០៣នាក់និងស្រី្តចំនួន០៥នាក់រួមនឹងវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៣ថង់ ទម្ងន់៣,១០ក្រាមទាំងសំបកសង្ស័យមានសារធាតុញៀន និងថង់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
-ថ្នាំគ្រាប់ពណ៌ផ្កាឈូករាងសំប៉ែតមានអក្សរWYចំនួន១៥គ្រាប់ ទម្ងន់១,៤០ ក្រាម សង្ស័យមានសារធាតុញៀន។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃចំនួន០៧គ្រឿង។
-បង់អាវុធវែង ចំនួន០២, សំបកកន្ទុះគ្រាប់អាវុធAK47ចំនួន០២គ្រាប់ទើបបាញ់ហើយ , ចុងអាវុធវែងចំនួន០១កំណាត់។
បច្ចុប្បន្នជនសង្ស័យទាំងអស់នោះ ត្រូវសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូន មកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី