កាលពីថ្ងៃទី២៣ ខែធ្នូ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សបីនាក់នៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិឃឺដ និងហាងកាហ្វេឃឺដមួយនៅកណ្តាលរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងបានបង្កឱ្យមានការតវ៉ាដោយហិង្សានៅតាមដងផ្លូវជុំវិញ។
ប្រធានាធិបតី Emmanuel Macron បាននិយាយថា សហគមន៍ជនជាតិឃឺដនៅក្នុងប្រទេសបារាំង គឺជាគោលដៅនៃការវាយប្រហារដ៏សាហាវមួយ។ រដ្ឋមន្ត្រីមហាផ្ទៃលោក Gerald Darmanin បាននិយាយថា អ្នកវាយប្រហារមានចេតនាយ៉ាងច្បាស់ក្នុងការកំណត់គោលដៅលើជនបរទេស។
ស្នូរកាំភ្លើងជាច្រើនគ្រាប់ដែលធ្វើឱ្យមានការភ័យស្លន់ស្លោនៅតាមផ្លូវដែលមានហាងតូចៗ និងហាងកាហ្វេជាច្រើននៅក្នុងសង្កាត់ទី១០ នៃរដ្ឋធានីបារាំង។ មេធាវីនៃមជ្ឈមណ្ឌលវប្បធម៌ឃឺដ បាននិយាយថា ជនរងគ្រោះទាំងបីនាក់គឺជាជនជាតិឃឺដ។ មនុស្សបីនាក់ផ្សេងទៀតបានរងរបួស ក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ស្ថានភាពខាងលើបង្កឱ្យមានបាតុកម្មផ្ទុះឡើងក្លាយទៅជាហិង្សា បង្ខំឱ្យប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែលមានកំហឹង បានប្រមូលផ្តុំនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ វាយប្រហារ គប់ដុំថ្ម ទៅលើ ការិយាល័យ ហាងកាហ្វេ ភោជនីយដ្ឋាន…។
មេដឹកនាំជនជាតិឃឺដ អំពាវនាវឱ្យមានការការពារកាន់តែច្រើនទៅលើសហគមន៍របស់ពួកគេ។ នេះជាកម្មវត្ថុនៃការតស៊ូរបស់ជនជាតិឃឺដនៅក្នុងប្រទេសបារាំងបន្ទាប់ពីការសម្លាប់ស្ត្រីជនជាតិឃឺដបីនាក់កាលពីមួយទសវត្សរ៍មុន៕
រូបថត ៖ AP
ដោយ៖ ធីរីណា(រូបថត ៖ Reuters)