ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ ខណៈនៅសល់ក្នុង ឃ្លាំង៧លានដូស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង ៩៥គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពលរដ្ឋខ្មែរចំនួន ៤លាននាក់ទៀតមិនទាន់ទៅទទួលវ៉ាក់សំាងកូវីដ-១៩ ប្រឆាំងជំងឺដូសជំរុញទី៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានទទួចម្តងហើយម្តងទៀតឱ្យពលរដ្ឋដែលមិនទាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ រួសរាន់ទៅចាក់វ៉ាក់សាំង ខណៈនៅសល់វ៉ាក់សាំងក្នុងឃ្លាំងចំនួន ៧លានដូសទៀត។

សម្តេចបានកត់សម្គាល់ ពលរដ្ឋមិនទៅទទួលវ៉ាក់សាំងដូសជំរុញ ដោយសារគិតថា កម្ពុជាមិនមានអ្នកស្លាប់ និងគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ តទៅទៀត។ សម្តេចតេជោបានថ្លែងថា បើកាលណាពលរដ្ឋទៅចាក់វ៉ាក់សាំងគ្រប់ពេញលេញ នឹងមានភាពស៊ាំសហគមន៍កាន់តែរឹងមាំ ហើយអ្នកឆ្លងក៏មិនមានអាការធ្ងន់ធ្ងរដូចនឹងករណីសម្តេចឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសម្តេចមានសុខភាពល្អធម្មតា។

សម្តេចគូសបញ្ជាក់ថា ខាងចិនឱ្យវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាចំនួន ២០លានដូស តែទើបតែបានដឹកមកកម្ពុជាចំនួន ៥លានដូស ហើយ១៥លានដូសទៀតសម្តេចឱ្យផ្អាកដឹកមក ដោយសារតែកម្ពុជាប្រើវ៉ាក់សាំងមិនទាន់អស់។ ចំពោះខាងអាមេរិក ក៏ផ្តល់ឱ្យកម្ពុជាចំនួន ៧លាន ៥សែនដែរ ដោយដឹកមក ២លានដូសហើយ។

សម្តេចបានអំពាវនាវឱ្យពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារពីជំងឺឆ្លងផ្សេងៗ ពីព្រោះមិនដឹងថានៅថ្ងៃខាងមុខនឹងមានជំងឺអ្វីកើតឡើងជាបន្តទៀតទេ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៦៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,២៤% ៕

ដោយ ៖ សិលា


ចែករំលែក៖