ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួននារីជនជាតិថៃ​ ជាបុគ្គលិកកាស៊ីណូ​ម្នាក់​ រំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនសង្ស័យជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យនៅរសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ​​ ឆ្នាំ​២០២២នេះ។

  សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឃាត់ខ្លួននារីជនជាតិថៃ​ម្នាក់ ជាបុគ្គលិកកាស៊ីណូ​ ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ​ ផាលេសផ្តាស់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ព្រមទាំងដកហូតវត្ថុតាងរួមមាន​៖​ ១.មាសសន្លឹកចំនួន ០៥សន្លឹក,​ ២.កងដៃលោហៈធាតុពណ៌លឿងចំនួន០១កង,​ ៣.ឡែបថប់ ពណ៌ខ្មៅ​ ចំនួន ០១គ្រឿង,​ ៤.នាឡិកា​ ចំនួន០១គ្រឿង,​ ៥.ខ្សែកលោហៈធាតុពណ៌លឿងចំនួន០១ខ្សែ,​ ៦.ទូរស័ព្ទម៉ាក Iphone 14pro max​ ចំនួន ០១គ្រឿង,​ ៧.ប្រាក់ថៃចំនួន ១០០,០០០បាត ហើយយកមកសួនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។ ការឃាត់នេះយោងតាមពាក្យបណ្តឹងឈ្មោះ ប៉េង រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

 ជនសង្ស័យជនជាតិថៃឈ្មោះ កុងចៃ ឡាក់សាម៉ី (ហៅលុកម៉ី) ភេទស្រី អាយុ ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។​ 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ប្រាប់ថា​ កាលពីនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ កុងចៃ ឡាក់សាម៉ី (ហៅលុកម៉ី) ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកនៅក្នុងកាស៊ីណូ​ ផាលេសផ្តាស់ក្រុប មានតួនាទីកាន់ផ្នែកគណនេយ្យផ្ទេរប្រាក់ចេញចូលនៅក្នុងក្រុមហ៊ុន ដោយមានការសង្ស័យខាងក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យបញ្ជីរបស់ក្រុមហ៊ុនក៏ស្រាប់តែបានឃើញថាជនសង្ស័យ​បានផ្ទេរប្រាក់ចេញពីក្រុមហ៊ុនចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សរុបជាទឹកប្រាក់ទាំងអស់ចំនួន៧,៤៧៧,២៤៤បាត។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព​ និងមានវត្ថុតាង​ ជនសង្ស័យ​ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកវត្ថុតាង​ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖