ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរ និងមន្ត្រីអភិរក្ស អំពាវ នាវសូមកុំឲ្យប្រជាពលរដ្ឋលបលួចបាញ់សត្វស្លាបចម្រុះដែលហើរចេញពីតំបន់អភិរក្ស ទៅរកចំណីនៅតាមវាលស្រែ។ អាជ្ញាធរនិងមន្ត្រីអភិរក្សនៅតំបន់រហាលកេះ និងអូរវៀនកត់សម្គាល់ឃើញថា ចំនួនសត្វស្លាបនៅតំបន់អភិរក្សនេះមានការកើនឡើងខ្លាំង។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ គេឃើញមានសត្វស្លាបរាប់ម៉ឺនក្បាលដែលភាគច្រើនសត្វគ្រាលខ្យងបានចុះរកចំណីនៅវាលស្រែខាងលិចផ្លូវក្បែរខាងជើងភូមិសាលាក្រៅដូចជាគ្មានការខ្លាចមនុស្សដែលឈរមើលសត្វកំពុងរកចំណីនោះឡើយ។ គេកត់សំគាល់ឃើញថា សត្វស្លាបកាន់តែសំបូរតែក៏មានការព្រួយបារម្ភពីសុវត្ថិភាពពួកវាខ្លាចក្រែងមានការបរបាញ់ និងដាក់ អន្ទាក់ជាដើម។
មន្ត្រីអភិរក្សសត្វស្លាបនៅរហាលកេះ និងអូរវៀន បានប្រាប់ថា សត្វស្លាបដែលចុះរកចំណីនៅចំណុចវាលសាលាក្រៅជាសត្វស្លាបដែលកំពុងរស់នៅតំបន់អភិរក្សរហាលកេះ និងអូរវៀន ស្ថិតឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលចេញពីតំបន់អភិរក្សទៅរកចំណីនៅតាមវាលស្រែដែលត្រូវបានច្រូតកាត់ហើយ និងវាលស្រែដែលវាយដីត្រៀមធ្វើបន្តទៀតដែលសត្វស្លាបទៅរកស៊ីចំណីមានត្រី និងកណ្តូប និងសត្វល្អិតផ្សេងៗទៀត។
មន្ត្រីខាងលើបានបញ្ជាក់ថា សត្វស្លាបដែលរស់នៅតំបន់អភិរក្សមានរាប់ម៉ឺនក្បាលដែលកំពុងរស់នៅ និងអភិរក្សនៅចំណុចរហាលកេះ និងអូរវៀន ជាប់ព្រំប្រទល់ស្រុកព្រះនេត្រព្រះ ,ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។ ក្រុមសត្វស្លាបទាំងនេះត្រូវបានអភិរក្សរយះពេល៣ឆ្នាំមកហើយ ដោយបានការគាំទ្រពីមន្ទីរជំនាញ និងអភិបាលស្រុក-ឃុំនិងអង្គការក្រៅរដ្ឋាភិបាល សូមឲ្យប្រជាពលរដ្ឋកុំតាមប្រមាញ់ ឬបាញ់សម្លាប់ជាដើម។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា សត្វស្លាបដែលរស់នៅតំបន់អភិរក្សរហាលកេះ និងអូរវៀន មានរាប់ម៉ឺនក្បាលដែលកំពុងរស់នៅពងកូននៅអំឡុងខែសីហា និងខែកញ្ញា ដែលមានប្រភេទសត្វស្លាប សត្វរនាល,សត្វគ្រាលខ្យង,សត្វក្រសារ,កុកស,កុកក្រក, សត្វក្អែកទឹក,សត្វទោម,សត្វមាន់ទឹក,សត្វខ្វែក,សត្វស្មោញ និងសត្វកម្រកជាច្រើនទៀត។
លោកបញ្ជាក់ថា សត្វស្លាប់ដែលរស់នៅតំបន់អភិរក្សបានចេញទៅរកស៊ីចំណីនៅពេលព្រឹក ហើយត្រឡប់ មកវិញនៅពេលល្ងាចជាប្រចាំដែលចេញទៅរកចំណីពីតំបន់អភិរក្សចម្ងាយប្រមាណ១៥ទៅ២០គីឡូម៉ែត្រ។ លោកអភិបាលស្រុកអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញហ្វូងសត្វស្លាបទៅចំណីតាមវាលស្រែមិនត្រូវបាញ់សំលាប់ ឬដាក់អន្ទាក់នោះទេ។ ផ្ទុយទៅវិញត្រូវចូលរួមថែរក្សាការពារនិងអភិរក្សាសត្វដែលកម្រ៕
ដោយ៖ សូរិយា