ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Harry Maguire របស់ Man United នឹងត្រឡប់មកវិញសម្រាប់ការប្រកួតជាមួយ Nottingham

ចែករំលែក៖

ក្លិបបិសាចក្រហមបានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែការពារកណ្តាល Harry Maguire របស់ក្រុម Manchester United ត្រូវបានគេរំពឹងថា នឹងត្រឡប់មកក្រុមវិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃអង្គារ ទី២៧ ខែធ្នូនេះនៅឯទឹកដីក្រុម Nottingham Forest បន្ទាប់ពីខកខានការប្រកួតចុងក្រោយដោយសារតែជំងឺ។

កីឡាករអន្តរជាតិអង់គ្លេស Maguire បានខកខានការទទួលជ័យជម្នះ ២–០ របស់ United លើក្រុម Burnley កាលពីសប្តាហ៍មុន ដែលបានបិទកន្លែងរបស់ពួកគេក្នុងការប្រកួត League Cup វគ្គ១/៤ផ្តាច់ព្រ័ត្រ។

អ្នកចាត់ការទូទៅលោក Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបថា “យើងមានបញ្ហាមួយចំនួនជាមួយនឹងជំងឺដូចជា Harry Maguire ប៉ុន្តែគាត់បានត្រឡប់មកទីលានហ្វឹកហាត់វិញ (កាលពីថ្ងៃសុក្រ) ដូច្នេះខ្ញុំសប្បាយចិត្តជាមួយដំណឹងនេះ” ។

ខ្សែការពារអាហ្សង់ទីន Lisandro Martinez និង Raphael Varane របស់បារាំងមិនអាចបង្ហាញខ្លួននៅឡើយទេ ព្រោះពួកគេមិនទាន់ត្រឡប់មកវិញបន្ទាប់ពីលេងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ។

លោក Ten Hag បាននិយាយថា កីឡាករ United ដែលនៅសល់ដែលលេងនៅកាតាគឺស្ថិតក្នុងស្មារតីល្អ។ លោកបានអះអាងថា “ពួកគេមានចំណាប់អារម្មណ៍ដ៏ធំនៅទីនោះ ប៉ុន្តែឥឡូវនេះពួកគេត្រឡប់មកវិញ ហើយអ្នកមានអារម្មណ៍ថាមានថាមពលរបស់ពួកគេ។ ពួកគេកំពុងទន្ទឹងរង់ចាំការចាប់ផ្តើមឡើងវិញនៃ Premier League)” ។

លោកបានបន្ថែមថា “Rapha Varane និង Licha Martinez ពួកគេមិននៅទីនោះទេ ប៉ុន្តែយើងសង្ឃឹមថានឹងត្រឡប់មកវិញឆាប់ៗនេះ” ។

គួរបញ្ជាក់ថា ក្រុម Manchester United កំពុងឈរនៅលេខរៀងទី៥ក្នុងតារាងដែលមាន២៦ពិន្ទុបន្ទាប់ពី១៤ប្រកួតមាន៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Tottenham Hotspur ដែលបានលេងលើស១ប្រកួត។ ក្រុមបិសាចក្រហមនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Nottingham Forest នៅរាត្រីថ្ងៃអង្គារវេលាម៉ោង៣ទៀបភ្លឺ ៕

ដោយ៖ ភារៈ(រូបភាព ៖ AP/manutd.com)


ចែករំលែក៖