ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិស្នើដល់តាលីបង់លុបចោលច្បាប់រឹតត្បិតជាបន្ទាន់

ចែករំលែក៖

នៅថ្ងៃទី២៧ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យក្រុមតាលីបង់ផ្លាស់ប្តូរ ច្បាប់ដែលដាក់គំនាបទៅលើស្ត្រី និងកុមារីនៅក្នុងប្រទេសនេះ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យរដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ លុបចោលការរឹតត្បិតទាំងឡាយលើស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន អមជាមួយការបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីការគាបសង្កត់សិទ្ធិមនុស្សនៅក្នុងប្រទេសមួយនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន១៥ប្រទេសបានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការរឹតត្បិតលើការសិក្សារបស់ស្ត្រី ហើយបានអំពាវនាវឱ្យមានការចូលរួមយ៉ាងពេញលេញនិងប្រកបដោយតម្លាភាពរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ សេចក្ដីថ្លែងការណ៍នេះដដែលក៏បានជំរុញឱ្យក្រុមតាលីបង់អនុញ្ញាតឱ្យស្ត្រីចូលរៀនឡើងវិញ និងលុបចោលជាបន្ទាន់នូវគោលនយោបាយរឹតត្បិតដែលមានការគាបសង្កត់លើសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ព្រមទាំងថ្កោលទោសផងដែរចំពោះការហាមមិនស្ត្រីអាហ្វហ្កានីស្ថាន ធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាលបរទេសនានាដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការផ្ដល់ជំនួយដែលប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់ពឹងផ្អែក។
ក្រៅតែពីហាមឃាត់ស្ត្រីចូលរៀនថ្នាក់សាកលវិទ្យាល័យ ក្រុមតាលីបង់ក៏បានហាមមិនឱ្យស្ត្រីធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាលបរទេសដែរ ហើយកាលពី ថ្ងៃអាទិត្យសប្ដាហ៍មុន អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាច្រើនបានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងអាហ្វហ្កានីស្ថាន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖