ខេត្តកោះកុង ៖ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងខេមរភូមិន្ទ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ក្រោយពាក់ព័ន្ធករណីលួចម៉ូតូបានសម្រេច រួចព្យាយាមជិះរត់គេចខ្លួនជិតមួយសប្ដាហ៍។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បាបានធ្វេីឡេីងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកវ៉េវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
របាយការណ៍ដដែលបន្តថា មុនដំបូងកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ទី១-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបរមិនពិតប្រាកដ ។ និងទី២-ឈ្មោះ ហ៊ាប ប៊ុនធីម ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរកម្មករ ។ ខណៈម្ចាស់ម៉ូតូឈ្មោះ ឆាត ឆាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិថៃ ស្នាក់នៅផ្ទះជួលភូមិ នាងកុក ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានទុកម៉ូតូម៉ាកហុងដា វ៉េវ នៅមុខបន្ទប់ជួលរបស់ខ្លួន ត្រូវបានជនសង្ស័យខាងលើលួចយក។
លុះដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក ក្រោយពីបានសាកសួរបំភ្លឺ និងកំណត់មុខសញ្ញារួចមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ១ នាក់ទៀត ឈ្មោះ សុំ ស៊ី ( ហៅទីន) ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរនេសាទ និងបានដកហូតវត្ថុតាង ម៉ូតូម៉ាកវ៉េវរបស់ឈ្មោះ ឆាត ឆាយ យកទៅលាក់នៅផ្ទះរបស់ខ្លួន នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង យកមកអធិការដ្ឋានស្រុកមណ្ឌលសីមា ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងបញ្ចូនទៅផែនការងារព្រហ្មទណ្ឌខេត្ត ៕
ដោយ៖ អារុណរះ