ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ការចូលរួមរបស់ប្អូនៗ គឺជាចលករជំរុញការរីកធំធាត់របស់ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស»

ចែករំលែក៖

ភ្នំពេញ ៖ «ការចូលរួមរបស់ប្អូនៗ គឺជាចលករជំរុញការរីកធំធាត់របស់ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស» នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់អង្គពិធី នៃកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ការលើកឡើងនេះស្របពេលដែល លោកមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាជិក សមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត លុយ ចណ្ណា ដែលបានលះបង់ពេលវេលា និងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីរួមគ្នាសម្រេចបាននូវសមិទ្ធផលនានាដែលបម្រើប្រយោជន៍សម្រាប់យុវជនជាសិស្ស និស្សិត និងសង្គមជាតិជាបន្តបន្ទាប់។ 

ជាមួយគ្នានេះដែរ មិនខុសពីសព្វមួយដង ក្រៅពីការចែករំលែកនូវបទពិសោធន៍នានារបស់ឯកឧត្តមទៅកាន់ប្អូនៗនិស្សិត លោកប្រធានបានផ្ដល់ឱកាសឱ្យអង្គពិធីសួរសំណួរទៅកាន់ឯកឧត្តម ដើម្បីអនុញ្ញាតអោយប្អូនៗអាចស្វែងយល់បន្ថែមពីឯកឧត្តមផ្ទាល់ មិនថាអំពីការបំពេញការងារ និងភាពជាអ្នកដឹកនាំ។ នាឱកាសនេះដែរ ខណៈដែលឯកឧត្តមរលឹកពីការងារដំបូងរបស់លោក លោកក៏បានលើកទឹកចិត្តឱ្យយុវជន និងសិស្សនិស្សិតទាំងអស់កុំឱ្យមើលស្រាលការងារតូចៗ ដោយលោកបានសង្គត់ធ្ងន់ថា ការងារតូចៗទាំងអស់ដែលយើងឆ្លងកាត់ អាចជាចំនុចចាប់ផ្ដើម និងជាថ្នាលបណ្ដុះចំណេះដឹង សមត្ថភាព ដើម្បីអោយយើងឈានឆ្ពោះទៅកាន់ភាពជោគជ័យ ៕

ដោយ ៖ សហការី


ចែករំលែក៖