ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៦ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានប្រារព្ធកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជនលើកទី៩ (9th CPPM Meeting) ដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងមានការចូលរួមដោយថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងដោះស្រាយនូវបញ្ហានិងសំណូមពរនានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនៃការងារបច្ចេកទេសគយនិងប្រតិបត្តិការគយផ្សេងៗ សំដៅធានាបាននូវការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាពនិងកាតព្វកិច្ចនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់រួមគ្នារកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងស្ថាបនាគ្នាឱ្យកាន់តែល្អប្រសើរទៅវិញទៅមក និងបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលបានដោះស្រាយបញ្ហាចំពោះមុខ និងសំណូមពរចាំបាច់នានា ក្នុងការផ្តល់និងជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀតជាបន្តបន្ទាប់នាពេលកន្លងមក ជាពិសេសក្នុងពេលដែលមានភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ពាណិជ្ជកម្មអន្តរជាតិ, ការឡើងថ្លៃប្រេងឥន្ធនៈ និងកំណើនខ្ពស់នៃអតិផរណាជាសកល បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបន្តអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន។
លោកបណ្ឌិត គុណ ញឹម បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយស្វាគមន៍ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់និងបានលើកឡើងពីសារៈសំខាន់ និងសមិទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់របស់យន្តការ CPPM តាំងពីពេលត្រូវបានបង្កើតឡើងនាឆ្នាំ២០១០មក ដែលត្រូវបានប្រើប្រាស់ជាវេទិកា សម្រាប់ផ្នែកឯកជនលើកឡើងនូវបញ្ហានិងសំណូមពរនានាពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ការដឹកជញ្ជូន សន្និធិ ការឆ្លងកាត់គយ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមទាំងការងារបច្ចេកទេសគយជាច្រើនទៀត ដើម្បីបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃការងើបនិងស្តារឡើងវិញនូវការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិជំងឺកូវីដ-១៩។
បន្ទាប់ពីតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសរំលេចពីវឌ្ឍនភាពការងាររបស់យន្តការ CPPM នាពេលកន្លងមក កិច្ចប្រជុំបានពិភាក្សាលើបញ្ហានិងសំណូមពរដែលលើកឡើងដោយផ្នែកឯកជនដែលក្នុងនោះមានការងារគន្លឹះៗមួយចំនួនដូចជា (១.)ការកាត់បន្ថយកម្រៃបំពេញបែបបទគយ (Customs Processing Fee), (២.)ការសម្រួលលើការដឹកជញ្ជូនឆ្លងកាត់ និងការអនុវត្តនីតិវិធីគយនៅមាត់ច្រកព្រំដែន, និង (៣.)ការធ្វើសាមញ្ញកម្មនីតិវិធីគយក្នុងការស្នើសុំជាធុរជនល្អបំផុត (Best Trader) ឬប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) ជាដើម។
ជាលទ្ធផលនៃកិច្ចពិភាក្សា ផ្នែកឯកជនបានស្វាគមន៍ និងទទួលយកនូវដំណោះស្រាយដែលបានលើកឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយភាគីទាំងសងខាងបានប្តេជ្ញាថានឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវរៀងៗខ្លួន។ បន្ថែមលើនេះ សហប្រធាននៃយន្តការ ក៏បានឯកភាពគ្នាលើកទឹកចិត្តឱ្យក្រុមការងារជំនាញទាំង៤ រួមមាន ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ, ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ, ក្រុមការងារគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក, និងក្រុមការងារគយ-សហគ្រាសធុនតូចនិងមធ្យម បន្តលើកឡើង និងសហការដោះស្រាយបញ្ហាដែលអាចនឹងកើតឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សហការី