ព័ត៌មានទាន់ហេតុការណ៍៖

លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ និងអាហារូបករណ៍ Australia Awards Scholarship

ចែករំលែក៖

ភ្នំពេញ ៖ នាឱកាសនោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានយុវជន និងមន្ត្រីរាជការវ័យក្មេងប្រកបដោយសក្ដានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ការអភិឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំ។ លោករដ្ឋមន្រ្តីបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ នឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងសភាពការណ៍នៃការវិវឌ្ឍសកល ព្រមទាំងភូមិសាស្រ្តនយោបាយ ដែលទាមទាឱ្យកម្ពុជា យកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍធនធានយុវជន និងមន្ត្រីរាជការ។

លោករដ្ឋមន្រ្តី បានផ្តាំផ្ញើប្អូនៗជ័យលាភីទាំងអស់ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងក្នុងជីវិត ត្រូវចេះថែរក្សាសុខភាព រក្សាឱ្យបាននូវតម្លៃជាមន្រ្តីរាជការនិងប្រជាជនខ្មែរ ឧស្សាហ៍ព្យាយាម បើកចិត្តឱ្យទូលាយ រក្សាភាពថ្លៃថ្នូ ភាពទន់ភ្លន់តែមិនទន់ជ្រាយ និងចេះបត់បែន។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ នាពេលនេះ មានចំនួន ១៦នាក់ និងនិស្សិតជ័យលាភីអាហារូបករណ៍ Australia Awards Scholarship មានចំនួន ៤០នាក់៕

ដោយ ៖ សហការី


ចែករំលែក៖