ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សោកនាដកម្ម ! មុនចូលឆ្នាំសកល អគ្គិភ័យឆាបឆេះកាស៊ីណូក្រុងប៉ោយប៉ែត យ៉ាងហោចក៏មានមនុស្សប្រុសស្រីប្រមាណជាង ៤០នាក់ បានស្លាប់ និងរបួស

ចែករំលែក៖

ក្រុងប៉ោយប៉ែត : បើតាមការបញ្ជាក់ពីលោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ របាយការណ៍បឋម ស្លាប់ និងរបួស៤០នាក់ ភ្លើងឆេះកាស៊ីណូហ្គ្រេនដាយមិន នៅប៉ោយប៉ែត ហើយសមត្ថកិច្ច អាជ្ញាធរ កម្ពុជា ថៃ បានព្យាយាមជួយអន្តរាគមន៍សង្គ្រោះ យ៉ាងយកចិត្តទុកដាក់បំផុត។ 

សូមបញ្ជាក់ថា, ៖ បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា , យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១១នាក់ ត្រូវបានរកឃើញស្លាប់ និងប្រមាណជា៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ 

លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី ប៊ោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត ” តាមទូរសព្ទនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ថា , ចំពោះប្រតិបត្តិការ ដែលកម្លាំងចុះជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ យើងមិនទាន់ធ្វើការកំណត់ បាននៅឡើយទេអំពីស្ថានភាពអ្នកគ្រោះថ្នាក់ ស្លាប់និងរបួស ខណៈពេលនេះកម្លាំងកំពុងតែ ព្យាយាមជួយអន្តរាគមន៍ ។

លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា, តាំងពីយប់រហូតមកទល់ព្រឹកនេះ ខ្ញុំបានប្រើប្រាស់កម្លាំងប្រមាណជាង 80 នាក់ ដើម្បីជួយអន្តរាគមន៍ ហើយក៏មានការរន្ធត់ចិត្តផងដែរ ខណៈជួបព្រឹត្តិការណ៍ អគ្គីភ័យឆាប់ឆេះនេះ ។ 

មកដល់ម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២  កម្លាំងប្រតិបត្តិការជួយសង្គ្រោះកំពុងរុករកជនរងគ្រោះអ្នកដែលសង្ស័យជាប់គាំង ក្នុងអគារកាស៉ីណូ ដែលត្រូវភ្លើងឆេះនៅក្រុងប៉ោយប៉ែត ។ សង្ឃឹមថា, ជនរងគ្រោះអាចរួចផុតពីគ្រោះថ្នាក់ដ៏សែនរន្ធត់នេះ ដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិ ។

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះដឹកនាំ ប្រតិបត្តិការ ជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះដោយផ្ទាល់ ជាមួយសមត្ថកិច្ច អាជ្ញាធរ កម្លាំងជំនាញ និងកម្លាំងកងទ័ពរបស់ ៩១១ យ៉ាងច្រើនផងដែរ ៕

ខាងក្រោមនេះជារូបភាព នៃឧប្បត្តិហេតុ អគ្គិភ័យឆាបឆេះកាស៊ីណូ ដែលបណ្តាលអោយមាន ជនរងគ្រោះស្លាប់ និងរបួសជាច្រើននាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !

ដោយ ៖ វណ្ណា


ចែករំលែក៖