តាមព័ត៌មាន AFP នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា សហរដ្ឋអាមេរិក បក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប បានជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងតំបន់ខាងជើងសាធារណរដ្ឋកូសូវ៉ូ នៅចំពោះមុខការបិទព្រំដែន និងភាពតានតឹងជាមួយជនជាតិដើមស៊ែប៊ី ជុំវិញឯករាជ្យភាពកូសូវ៉ូកាលពីឆ្នាំ២០០៨។
អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលកូសូវ៉ូនៅតែជាប្រភពនៃភាពតានតឹងរវាងលោកខាងលិចដែលគាំទ្រឯករាជ្យភាពរបស់កូសូវ៉ូ និងរុស្ស៉ីដែលគាំទ្រស៊ែប៊ីក្នុងកិច្ចខិតខំប្រឹងប្រែងរារាំងមិនឱ្យកូសូវ៉ូក្លាយជាសមាជិកស្ថាប័នអន្តរជាតិកំពូលៗដូចជាអង្គការសហប្រជាជាតិជាដើម។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការសកម្មភាពភ្លាមៗដោយគ្មានលក្ខខណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបញ្ចៀសឱ្យបាននូវរាល់ទង្វើបង្កហេតុ ការគំរាមកំហែង និងការសម្លុតគំរាម។ ចំណែកឯបេសកកម្ម NATO នៅកូសូវ៉ូ ឬហៅកាត់ថា KFOR ក៏បានកត់សម្គាល់ដែរថា ខ្លួនគាំទ្រកិច្ចសន្ទនារវាងគ្រប់ភាគី ក្នុងការបន្ធូរបន្ថយភាពតានតឹង។
ស៊ែប៊ីដែលមានរុស្ស៉ីជាខ្នងបង្អែក បានប្រកាសដាក់កងទ័ពរបស់ខ្លួនក្នុងស្ថានភាពប្រុងជើងការខ្ពស់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ហើយក្នុងពេលជាមួយគ្នា ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់របស់កូសូវ៉ូដែលថាខ្លួនដាក់សម្ពាធឱ្យស៊ែប៊ីបង្កអស្ថិរភាព ដោយអះអាងថាអាជ្ញាធរស៊ែប៊ីកំពុងធ្វើសកម្មភាពការពារសិទ្ធិជនជាតិដើមស៊ែប៊ីតែប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន ជនជាតិដើមស៊ែប៊ីប្រហែលជា ៥០,០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើងរបស់កូសូវ៉ូបានបដិសេធទទួលស្គាល់រដ្ឋាភិបាលទីក្រុងព្រីស្ទីណា (Pristina) ឬក៏ចាត់ទុកកូសូវ៉ូវ៉ូវ៉ូជារដ្ឋឯករាជ្យមួយនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ABC NEWS