ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ និងការពារ​សុខសុវត្ថិភាព​ជូនប្រជាពលរដ្ឋ​ ព្រមទាំង​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដែល​មកដេីរលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុ​​ កម្លាំងនគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ បានដាក់គោលដៅចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។ 

របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​កាលពីយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ឯក ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

ជាមួយគ្នានោះ​ នៅយប់ថ្ងៃដដែល​ កម្លាំងនគរបាលទេសចរណ៍ប្រចាំការ​ ក៏បានចុះល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរសមុទ្រផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖