ខេត្តបន្ទាយមានជ័យ៖ មកដល់ម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ តាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ចឲ្យដឹងថា អគ្គិភ័យឆាបឆេះនៅកាស៊ីណូប៉ោយប៉ែតបានបណ្តាលឱ្យមនុស្សស្លាប់កេីនដល់១៩នាក់ និងរបួស ស្រាល៥០នាក់ និងរបួសធ្ងន់២៣នាក់ អាចបន្តទៀត ខណៈសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ កំពុងបន្តសកម្មភាពរុករក យ៉ាងមមាញឹកបំផុត។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់ឲ្យដឹងថា កម្លាំងជួយសង្គ្រោះនៅបន្ដប្រតិបត្តិការស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំង ក្នុងអគារដែលត្រូវភ្លើងឆេះដដែល ដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា កម្លាំងប្រតិបត្តិការ បានរកឃើញសាកសពជនរងគ្រោះជាបន្ដបន្ទាប់ ដែលជាប់គាំងក្នុងបន្ទប់ នៃអគារកាស៉ីណូដែលត្រូវភ្លើងឆេះ ដូច្នេះចំនួនជនរងគ្រោះ នឹងកើតឡើងបន្ថែមទៀត។
គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ។
សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានងញ្ជើញចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដឹកនាំបញ្ជាដោយផ្ទាល់ ដើម្បីជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ។
ពិតជាមានការរន្ធត់ចិត្ត ! ចំពោះហេតុការណ៍ដ៏អាក្រក់នេះ បានឆក់ជីវិតប្រជាពលរដ្ឋ ជាមួយនឹងសំឡេងស្រែកឲ្យជួយអន្តរាគមន៍ លោតទម្លាក់ខ្លួន ចេញពីអណ្ដាតភ្លើង បណ្ដាលឲ្យស្លាប់និងរងរបួស។ បច្ចុប្បន្នទីក្រុងដ៏ទំនើបមួយនេះ បានក្លាយទៅជាគំនរផេះថ្ម និងក្តីទុក្ខក្រៀមក្រំ សូមឱ្យវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ វណ្ណា