ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនបានសម្រេចរត់មិនរួចជាប់ខ្នោះរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

 ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកកាបូបលុយពីជនជាតិចិនម្នាក់តែមិនបានសម្រេចព្យាយាមជិះម៉ូតូគេចខ្លួនតែគេចមិនរួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ​ កាលពីវេលាម៉ោង៦និ២០នាទីល្ងាចថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបយូអេង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ជនសង្ស័យឈ្មោះសរ​ សម្បត្តិ​ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលលេខ១៧​ ក្នុងភូមិប៉ប្រកជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមសម្តីសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគេបានជិះម៉ូតូចេញពីបន្ទប់ជួលហេីយបានជិះនៅមុខព្រលានយន្តហោះពោធិ៍ចិនតុងទៅមកៗ បន្ទាប់មកក៏ឃេីញជនជាតិចិនម្នាក់ឈរស្ពាយកាកាបលុយក្បែររថយន្តមួយគ្រឿងក៏ជិះទៅធ្វេីសកម្មភាពឆក់យកកាបូបលុយតែមិនបានសម្រេច។

ប្រភពដដែលបន្តថា​ បន្ទាប់មករូបគេក៏ព្យាយាមជិះម៉ូតូគេចខ្លួន តែមានប្រជាពលរដ្ឋដេញតាមពីក្រោយស្រែកថាចោរៗ ស្របពេលកម្លាំងនគរបាលល្បាតនៅទីនោះក៏ឃាត់ខ្លួនបានភ្លាមៗតែម្តង។ 

   បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖