រុស្ស៊ីបានបង្កើនការវាយប្រហារអ៊ុយក្រែនដោយមីស៊ីល ។ មន្ត្រីអ៊ុយក្រែនបានអះអាងថា រុស្ស៉ីទើបបើកការវាយប្រហារដោយមីស៉ីលជាង១០០គ្រាប់នៅថ្ងៃទី២៩ខែធ្នូនេះ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា សំឡេងប្រកាសអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាសត្រូវបានបន្លឺឡើងនៅទូទាំងអ៊ុយក្រែនក្នុងថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៉ី ទើបតែបើកការវាយប្រហារដោយមីស៉ីលជាង១០០គ្រាប់ទៀត។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych បានបង្ហោះសារលើ Facebook ថា រុស្ស៉ីបានបាញ់ស្រោចមីស៉ីលប៉ុន្មានលើកបន្តបន្ទាប់គ្នា ខណៈបើសរុបចំនួនមីស៉ីលដែលរុស្ស៉ីបានប្រើប្រាស់ ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺប្រហែលជាង ១០០គ្រាប់។
អំឡុងការវាយប្រហារនោះ សំឡេងផ្ទុះត្រូវបានគេឮនៅតាមទីក្រុងមួយចំនួនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។ អភិបាលទីក្រុងកៀវ បានអះអាងថា ការវាយប្រហារមីស៉ីលរបស់រុស្ស៉ីបានបណ្តាលឱ្យមនុស្សមួយចំនួនទទួលរងរបួស ខណៈអភិបាលនៅទីក្រុងលីវ (Liv) បាននិយាយថា មួយផ្នែកធំនៃទីក្រុងបានបាត់បង់ថាមពលអគ្គិសនី។
ការបាញ់ស្រោចមីស៉ីលថ្មីចុងក្រោយនេះកើតមានឡើង បន្ទាប់ពីវិមានក្រឹមឡាំងបានច្រានចោលផែនការសន្តិភាព១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលមានគោលដៅកំណត់ឱ្យរុស្ស៉ីគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយដកទ័ពចេញទៅវិញទាំងអស់។ កាលពីថ្ងៃពុធ ទីក្រុងមូស្គូប្រកាសទាត់ចោលផែនការនេះ ដោយទទូចឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ចំនួន៤ គឺដូណេត និងលូហាន នៅភាគខាងកើត ព្រមទាំងខឺសុននិងហ្សាប៉ូរិចហ្ស៉ីយ៉ា នៅភាគខាងត្បូង ដែលរុស្ស៉ីបានកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ NLDO
រូបថត ៖ baotintuc.vn