ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មការ អ្នកនិពន្ធដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសំដែងទាំងអស់ នៃរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌ ដែលជារឿងភាគប្រវត្តិសាស្រ្តដំបូងគេបំផុត នៅកម្ពុជា ដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត។ គិតចាប់តាំងពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២២ រហូតមកដលបច្ចុប្បន្ននេះ មានរយៈពេល១១ខែហើយ គណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនិង៤៥ភាគរយ នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេសសល់គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។ នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាគយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី លោក ហ៊ុយ វាសនា អ្នកនិពន្ធបានឲ្យដឹងថា ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលលើកទី២ គណៈកម្មការបានរៀបចំបំពេញបន្ថែម នូវសេណារីយូ ដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទភាពយន្តមានការកើនឡើងជាបន្តបន្ទាប់។ គិតចាប់តាំងពីថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២២ រហូតមកដលបច្ចុប្បន្ននេះ មានរយៈពេល១១ខែហើយ គណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនិង៤៥ភាគរយ នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេសសល់ គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី អាចចាត់ទុកថាជាភាពយន្តរឿងភាគ ដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ជាមួយនិងរឿងភាគតាមបែបប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជាពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកជីវិតទៅប្តូរនិងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តធ្វើការក្រើនរំលឹកជាថ្មីម្តងទៀត ដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅថែមទៀត ទាក់ទិនទៅនិងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គទាំងអស់ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលជារឿងភាគមួយ ទាក់ទិនទៅនិងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តដាស់តឿនហើយ ដាស់តឿនទៀត ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសំដែងនៃតួអង្គប្រវត្តិសាស្រ្តនិមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេសតួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឈ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាលឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជំរៅទៅនិងប្រវត្តិសាស្រ្តពិត របស់ ដែលបានកើតឡើងទាក់ទិនទៅនិងសាច់រឿងទាំងមូល។
នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារទាំងអស់ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការនីទាំងអស់ សូមមានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯង ជាវណ្ណកម្មរបស់កូនខ្មែរ។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោមានប្រសាសន៍បន្តថា ប្រសិនបើសម្តេចមានពេរលវេលាគ្រប់គ្រាន់ សម្តេចនិងធ្វើជាទីប្រឹក្សានៃសមាគមអ្នកនិពន្ធនិងផលិតភាពយន្ត ដើម្បីជួយតម្រង់ទិសដល់ការតែងនិពន្ធ រឺផលិតភាពយន្តដែលទាក់ទិនទៅប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា ចាប់តាំងពីរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៩ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង តាមនយោបាយឈ្នះ ឈ្នះ។ សូមបញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលពីដំបូងឡើយគ្រោងថតផលិតភាពយន្តភាគ ចំនួន៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់ ៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការផ្ចិតផ្ចង់និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី គ្រោងនិងដាក់បញ្ចាំងជាផ្លូវការ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ខាងមុខ៕
ដោយ ៖ សិលា