ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ និងពលរដ្ឋរីករាយដែលការប្រមូលផលត្រីធ្វើប្រហុក ផ្អក ត្រូវខ្លាំង

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ​ និងប្រជានេសាទ ព្រមទាំង​ពលរដ្ឋដែលមកទិញត្រីសម្រាប់ធ្វើផ្អក ប្រហុក នៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្តែងក្តីរីករាយ ដែលការប្រមូលផលត្រីនៅក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣នេះ កើនឡើងជាងឆ្នាំមុនរហូតដល់៤០% ខណៈតម្លៃវិញក៏សមរម្យ ដែលនាំឱ្យការធ្វើផ្អកប្រហុកនៅឆ្នាំនេះកើនឡើង។

ក្នុងឱកាសចុះពិនិត្យដាយត្រីនោះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងបញ្ជាក់ថា៖ សម្រាប់ការប្រមូលផលត្រីសម្រាប់ធ្វើផ្អកប្រហុកនាឆ្នាំនេះ ទទួលបានច្រើនជាងឆ្នាំមុន ខណៈសកម្មភាពនៃការធ្វើផ្អក ប្រហុក របស់ពលរដ្ឋដែលមកពីគ្រប់ខេត្តក៏មានភាពមមាញឹកផងដែរ ដែលនឹងធ្វើឱ្យការធ្វើផ្អក ប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុក ផ្អកនៅក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ មានចំនួន១៣ ០៥០តោន កើនឡើងប្រមាណ ៤០% បើធៀបនឹងឆ្នាំ២០២១-២០២២ ដែលមានចំនួនសរុប ៨ ៧០០តោន។

លោក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនយើងទទួលបានភោគផលត្រីពីបឹងទន្លេសាបមក ហើយក៏បានឃើញដែរថានេះជាលទ្ធផលនៃការខំប្រឹងប្រែងក្នុងរដូវទឹកឡើងកន្លងទៅដែលបានអនុវត្តច្បាប់បានល្អ ថែរក្សាត្រីសម្រាប់ឱ្យបងប្អូនយើងអាចទទួលបាននូវភោគផលនេះបានទាំងអស់គ្នា»។

ជាមួយគ្នានោះ​ ប្រជាពលរដ្ឋម្នាក់មកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ម៉ែន សុគន្ធ បានរៀបរាប់​ថា ការនេសាទត្រីសម្រាប់ធ្វើផ្អកប្រហុកឆ្នាំនេះត្រូវច្រើន ខណៈតម្លៃវិញធូរថ្លៃជាងឆ្នាំ ពោលគឺក្នុងរង្វង់២៥០០រៀលមួយគីឡូក្រាម ដែលជាតម្លៃសមរម្យមួយ អាចទទួលបានសម្រាប់កសិករដែលមកទិញត្រីធ្វើផ្អក ប្រហុកនៅឆ្នាំនេះ។

លោក ម៉ែន សុគន្ធ បានឱ្យដឹងទៀតថា លោកមានបំណងនឹងទិញត្រីប្រហែល១០០គីឡូក្រាម សម្រាប់ធ្វើផ្អក និងប្រហុក ទុកបរិភោគក្នុងគ្រួសារ រហូតដល់រដូវប្រមូលផលឆ្នាំក្រោយទៀត។ពលរដ្ឋ​រូបនេះ​ បានបន្ថែមថា៖ «ខ្ញុំសុំអំពាវនាវដល់ពលរដ្ឋនៅគ្រប់ខេត្តក្រុង ដែលចង់មកទិញត្រីធ្វើផ្អកប្រហុក គឺត្រីចាប់ផ្តើមត្រូវហើយចាប់ពីថ្ងៃនេះទៅ រហូតដល់២សប្តាហ៍ទៀតបានអស់»។

សូមជម្រាបជូនថា​ ប្រជាពលរដ្ឋដែលមកធ្វើត្រីប្រហុកភាគច្រេីនមកពីខេត្តមួយចំនួនដូចជា៖ ខេត្ត​កំពង់ស្ពឺ ,កំពង់ឆ្នាំង ,តាកែវ និងខេត្ត​កណ្តាលជាដើម បានចាប់ផ្តើមមកទិញត្រីជាហូរហែដើម្បីយកទៅធ្វើផ្អក ប្រហុក ឬត្រីឆ្អើរ សម្រាប់ទុកផ្គត់ផ្គង់គ្រួសារ និងសម្រាប់លក់ដូរ។​ ខណៈ​តម្លៃត្រីឆ្នាំនេះធូរថ្លៃជាងឆ្នាំមុន ដោយអាចទិញបានក្នុងតម្លៃពី២៣០០រៀលទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីមុន តម្លៃចាប់ពី៣០០០ទៅ។

គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ​ រដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជូនដំណឹង ថារដូនេសាទ ឆ្នាំ២០២២-២០២៣ នេះ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេ បាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ហេតុនេះ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើផ្អកប្រហុក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រី តាមពេលវេលា និងទីកន្លែងខាងលើ៕

ដោយ​៖សហការី​


ចែករំលែក៖