ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សារជូនពរ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣

មេបញ្ជការ មេបញ្ជការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកង ទ័ពជើងគោកនកងយោធពលខេមរភូមិន្ទ គ្រប់កងឯកភាព, ជាទីស្រលាញ់រាប់អាន!

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្ដុង្គឧត្តមនៃទិវាចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ ២០២៣ តាងនាម ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញ ដោយមនោសញ្ចេតនានឹករឭកស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះនាយទាហាន នាយទាហានរង និង ពលទាហានកងទ័ពជើងគោកទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាកងឯកភាពនានា។ ជាមួយគ្នានេះ ខ្ញុំក៏សូមផ្ញើជូននូវការសួរសុខទុក្ខទៅដល់អតីតយុទ្ធជន និងយោធិនដែលកំពុងមានជំងឺ របួស ពិការ និងអ្នកកំពុង សម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយ ត្រឡប់មានសុខភាពល្អបរិបូណ៍ កម្លាំងរឹងមាំ និងប្រកបដោយសេចក្តីសុខគ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះជោគជ័យដ៏ត្រចះត្រចង់ និង សមិទ្ធផលយ៉ាងធំធេងក្នុងឆ្នាំកន្លងមក ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារ និងជម្នះគ្រប់ការលំបាក ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ ដើម្បីបន្តគាំទ្រ និងអនុវត្តតាមគោល នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា សំដៅថែរក្សាសុខសន្តិភាព ស្ថិរភាពនៅផ្ទៃក្នុងប្រទេស សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទន្ទឹមនឹងជោគជ័យលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជា ក៏បានឆ្លងកាត់នូវសភាពការណ៍សំខាន់ៗជាច្រើន រួមទាំងការសម្រេចបាននូវសមិទ្ធផលធំៗគ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ,ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ដែលសុទ្ធសឹងជាជំហានឈានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយម របស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ឆ្នាំ២០២២ គឺជាឆ្នាំដ៏មមាញឹកមួយ សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលត្រូវទទួលភារកិច្ចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងអន្តរជាតិសំខាន់ៗជាច្រើន ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមានការចូលរួមពីសំណាក់ ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើនមកពីក្នុងតំបន់ និងក្រៅតំបន់។

ថ្នាក់ដឹកនាំ និងយោធិនកងទ័ពជើងគោកទាំងអស់, ជាទីស្នេហា!

ជាការពិតណាស់ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់កងយោធពលខេមរភូមិន្ទ និយាយជារួម និង និយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។

ជាទីបញ្ចប់ ក្នុងឱកាសនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ ២០២៣. ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទាំងអស់ សូមសម្រេច បានជោគជ័យគ្រប់ភារកិច្ច ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖