ខេត្តព្រះសីហនុ ៖ អង្គភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, នៅវេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនមុខសញ្ញាគាប់ផ្ទះយ៉ាងសកម្ម នៅចំណុចបូរី ឆឹង សុខា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ពេលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋចូលកាត់យកខ្សែភ្លើង។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យឈ្មោះ ប៊ូ សំរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានបន្តថា, បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ៕
ដោយ ៖ សហការី