ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញក្នុងពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមាន លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអប់រំ ទាំង២៥ រាជធានី-ខេត្ត គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ 

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានសរុប ក្នុងការដឹកនាំ និងបន្តដំណើរការសាលារៀន ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព  ជាពិសេសបានបិទបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ប្រកបដោយសុវត្ថិភាព និងត្រៀមរួចរាល់សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តគាំទ្រ និងបង្កើនថវិកាមូលនិធិដំណើរការសាលារៀនជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៣ នេះក្រសួងនឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀនដែលបាននិងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជាការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការដឹកនាំនិងគ្រប់គ្រងសាលារៀនការដឹកនាំ ការរៀន និងបង្រៀន ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សសហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសាលារៀន ជាដើម។ល។

ចាប់ពីឆ្នាំ២០២៣ ក្រសួងបានដាក់ចេញនូវអាទិភាពចំនួន ៨ ចំណុច ដើម្បីឆ្លើយតបនឹង បរិវត្តកម្មការអប់រំរួមមាន៖ ១)ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។

 ២)កំណែទម្រង់សាលារៀន 

  ៣) ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់។

   ៤)ការអប់រំឌីជីថល។

    ៥)ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។

    ៦)ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន។ ៧)ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង៨)ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន៕

 

ដោយ ៖ សហការី


ចែករំលែក៖