ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ កាលពីរសៀលថ្ងៃអាទិត្យទី០១ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានទទួលព័ត៌មានថាមាន ករណីកុមារីម្នាក់បានលង់ទឹកស្រះស្លាប់ កើតហេតុនៅចំណុចខាងជើងផ្ទះ ក្នុងបន្ទាយកងពល l១៤ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បាននៅព្រឹកថ្ងៃចន្ទទី០២ ខែមករា ឆ្នាំ២០២៣នេះថា៖ សពជនរងគ្រោះមានឈ្មោះ លុច នី ភេទស្រី អាយុ០៦ឆ្នាំ ជនជាតិខ្មែរ(នៅផ្ទះជាមួយយាយ) មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងម្ដាយឈ្មោះ លុច មុំ អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅខេត្តព្រះសីហនុ(មេម៉ាយ)។
យោងតាមការបំភ្លឺរបស់ឈ្មោះ ឆេង ឌី ភេទស្រី អាយុ ៥៤ឆ្នាំ ត្រូវជាយាយដែលនៅផ្ទះមើលថែចៅបានរៀប រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ក្រោយពីហូបបាយថ្ងៃត្រង់រួច យាយបានដាក់ចៅប្រុសមួយទៀតឱ្យដេកហើយចៅស្រីនៅលេងក្រោមម្លប់ឈើមុខផ្ទះ ពេលនោះដែរ យាយក៏បានដេកលក់បន្តិច ពេលភ្ញាក់ឡើងក៏បានបាត់ចៅហើយក៏បានដើររកចៅស្រីឈ្មោះ លុច នី ក៏ប្រទះឃើញនៅក្នុងទឹកស្រះខាងជើងផ្ទះក្នុងរបងបន្ទាយកងពល l ១៤ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រ ពេលនោះដែរយាយក៏បានស្រែកឱ្យគេជួយ ពេលនោះឈ្មោះ ស្រស់ មកដល់ក៏បានចុះស្រង់ចៅស្រីពីក្នុងទឹកស្រះ ដាក់លើគោកហើយធ្វើចលនាតាមទម្លាប់បុរាណ ប៉ុន្តែចៅស្រីបានបាត់បង់ជីវិតបាត់ទៅហើយ។
សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យបញ្ជាក់ថាការស្លាប់របស់ឈ្មោះ លុច នី មិនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ(ជាការធ្វេសប្រហែសរបស់អាណាព្យាបាល)។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ៖សហការី