ព័ត៌មានទាន់ហេតុការណ៍៖

អ្នករើសអេតចាយនៅទីលានចាក់សំរាម ដង្កោ៣៨០គ្រួសារបានទទួលអំណោយ សប្បុរសធម៌ពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមការងារសាខាតំណាងលោក ឃួង ស្រេង ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាម ចំនួន៣៨០គ្រួសារក្នុងដង្កោទាំងអស់ត្រូវមានក្តីសង្ឃឹមជានិច្ច និងត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនត្រូវអស់សង្ឃឹម ឬបោះបង់ចោលការតស៊ូក្នុងឆាកជីវិតឡើយ ដរាបណាប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍ បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតែមានឱកាសយ៉ាង ពេញលេញក្នុងការពូនជ្រុំសេដ្ឋកិច្ចគ្រួសារ បង្កើនចំណូលជីវភាព និងការគាំទ្រយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលជារៀងដរាប។

លោកស្រី ជា ស៊ីណា ឃួង ស្រេង បានលើកទឹកចិត្តបែបនេះ ខណៈដែលលោកស្រីនាំយកអំណោយកាកបាទក្រហមកម្ពុជា និងអំណោយសប្បុរសជនមកចែកជូនពលរដ្ឋ៣៨០គ្រួសារប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ។

លោកស្រី ជា ស៊ីណា ឃួង ស្រេង មានប្រសាសន៍លើកឡើងថា សម្តេចទាំងទ្វេនិងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ ជានិច្ចកាលតែងតែបានគិតគួរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះ មហន្តរាយដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ទីណាមានទុក្ខលំបាកគឺមានសម្ដេចទាំងទ្វេ។

លោកស្រីបានបញ្ជាក់ផងដែរថា  អំណោយដែលត្រូវចែកជូននាពេលនេះ មិនអាចសម្រាលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រឱ្យរួចផុតពីទុក្ខលំបាកបានទាំងស្រុងនោះទេ ប៉ុន្តែសកម្មភាពនេះបានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ សម្រាលការលំបាក វប្បធម៌នៃការចែករំលែកនិងជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ ជួយដល់ប្រជាពលរដ្ឋក្រីក្រដោយគ្មានការរើសអើង ស្របតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្តី ពោលគឺមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

លោកស្រីក្នុងឱកាសនោះក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីសុខភាព រស់នៅមានអនាម័យ បន្តចូលរួមទប់ស្កាត់ និងការពារ ជំងឺរាតត្បាត កូវីដ-១៩ទាំងអស់គ្នា ព្រោះវាមិនទាន់ទៅឆ្ងាយពីយើងគ្រប់គ្នានៅឡើយទេ។

លោកស្រី គឹម ញឹប ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោបានបញ្ជាក់ជូនថា បងប្អូនប្រកបរបររើសសំរាមនៅទីលានចាក់សំរាមដង្កោសរុបមានចំនួន៣៨០គ្រួសារនេះ ក្នុងនោះមកពីខណ្ឌមានជ័យចំនួន៨៣គ្រួសារ មកពីស្រុកស្អាង ខេត្តកណ្តាលចំនួន១៤គ្រួសារ និងមានក្នុងខណ្ឌដង្កោចំនួន២៨៣គ្រួសារ។ កន្លងមកបងប្អូនប្រជាពលដ្ឋទាំងនេះធ្លាប់ទទួលអំណោយចំនួន៥លើករួចមកហើយ ក្នុងនោះរួមមាន អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រីតាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចំនួន០៣លើក អំណោយលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិហោណាំហុងបួរីហោ១លើក  អំណោយពីក្រុមការងារលោកលី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្ងៃនេះ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមការងារសាខានាំអំណោយរបស់កាកបាទក្រហមកម្ពុជា និងសប្បុរសជនមកចែកជូនបន្ថែមទៀត៕

ដោយ៖ សំរិត


ចែករំលែក៖