ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុក ការពង្រីក និងការជួសជុលស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែនាពេលនេះ សុំប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវមានការយោគយល់ និងត្រូវចូលរួមសហការក្នុងការអនុវត្តគម្រោង ឱ្យឆាប់រហ័ស

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា ការពង្រីក និងការជួសជុលស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែនាពេលនេះ សុំប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវមានការយោគយល់ និងត្រូវចូលរួមសហការក្នុងការអនុវត្តគម្រោង អោយបានឆាប់រហ័សងាយស្រួលដល់បងប្អូនក៏ដូចជាសិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិផលផ្សេងៗ។

កាថ្លែងបែបនេះធ្វើឡើងនៅថ្ងៃទី២ខែមករាឆ្នាំ២០២៣ក្នុងឱកាសលោកអភិបាលស្រុក និងលោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារបាន បើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៣៥០០ម៉ែត្រ នៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ឆ្លើយតបការស្នើសុំរបស់បងប្អូន ពេលបើកវេទិកាលើកមុននិងសំណេះសំណាលជាមួយប្រជាពលរដ្ឋវត្តមានចូលរួមជិត៣០០នាក់។

លោក ស៊ូ ម៉ុល បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ទើបធ្វើឲ្យមូលដ្ឋានមានការអភិឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរ គឺត្រូវបម្រើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសម្រេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើង។

លោកក៏បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី បើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៣៥០០ម៉ែត្រ នៅភូមិក្រញូង ឃុំដូង ស្រុករមាសហែកពេលនេះផងដែរ។

លោក បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលបើកកាដ្ឋាននាពេលនេះ ដោយពីមុនផ្លូវគឺមានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ហើយបន្ទាប់ពីផ្លូវនេះបានស្ថាបនារួចហើយ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាសូមចូលរួមថែទាំផ្លូវ ដែលបានធ្វើរួចហើយដោយត្រូវគិតថាផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ មិនថានៅទីប្រជុំជន ឬជនបទនោះឡើយ ៕

ដោយ៖ សុថាន


ចែករំលែក៖