ភ្នំពេញ ៖ ព្រឹកនេះ លើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ពីសកម្មភាព បងតូចបងធំ ដើរធ្វើសកម្មភាព ក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋ ភិតភ័យ ដែលជាបន្ទុក របស់ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន យកចិត្តទុកដាក់ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប លុបបំបាត់បទល្មើស។
យប់មុិញមានក្រុមអ្នកលេងកាំបិតធំ ភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន ធ្វើសកម្មភាពវាយទៅលើភាគីគូទំនាស់ ខណៈមហាជនភ្ញាក់ផ្អើលនឹងកាំបិតដូចរឿងភាគបុរាណចិន កាន់មករករឿងដល់លំនៅដ្ឋានអ្នកដទៃ។
សូមបញ្ជាក់ថា ៖ ជុំវិញបញ្ហាទាំងអស់នេះ ក្លាយជាវិធានបទ ផ្ទុះការជជែកគ្នា ជុំវិញសកម្មភាពក្មេងទំនើងមួយក្រុម ក្នុងកាំមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពយ៉ាងកោងកាចវាយទៅលើគូទំនាស់យ៉ាងអាណាធិបតេយ្យ ប្រដាប់ដោយដំបង និងកាំបិតធំដែលធ្លាប់ឃើញគេប្រើក្នុងរឿងសាមកុកផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជុំវិញបញ្ហានេះ មហាជនបានលើកឡើងថាឯណាទៅភូមិ-ឃុំមានសុវត្តិភាព ព្រោះសកម្មភាពក្នុងវីឌីអូ ក្រុមក្មេងស្ទាវទាំងនេះហាក់មិនញញើតអាជ្ញាធរបន្តិចសោះ ប៉ុន្តែសំណាងល្អហើយ ដែលមិនបង្កឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈឃើញមានស្ត្រីម្នាក់ អាចជាភរិយា ឬសាច់ញាតិខាងជនបង្ក ចេះមកជួយឃាត់ រារាំង លួងលោមអោយត្រឡប់ទៅវិញ ខណៈបានវាយប៉ុន្មានដៃដែរ។
មហាជនកំពុងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ច ខណៈដែលនៅក្នុងកាមេរ៉ាសុវត្តិភាព មានមុខ និងភិនភាគជនបង្កយ៉ាងច្បាស់ៗតែម្ដង។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, អរគុណការសួរក្នុងរឿងនេះ ពិតជាកើតមានមែន ខណៈឃើញតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយសមត្ថកិច្ចកំពុងមានចំណាត់ការហើយ សូមទុកអោយមន្ត្រីនគរបាលដំណើរការនីតិវិធី ៕
ដោយ : សិលា