ចាប់តាំងពីយុទ្ធនាការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនមក កម្លាំងទាហានរុស្ស៊ីបានវាយប្រហារបំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែនរហូតដល់ទៅ ៣៥៥គ្រឿង និងឧទ្ធម្ភាគចក្រ ១៩៩គ្រឿង។
លោក Konashenkov មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា «ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបានវាយប្រហារកម្ទេចយន្តហោះចម្បាំង៣៥៥គ្រឿង ឧទ្ធម្ភាគចក្រ១៩៩គ្រឿង យន្តហោះគ្មានមនុស្សបើក២៧៩៤គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាស ៣៩៩ប្រព័ន្ធ រថក្រោះ៧៣៦៦គ្រឿង កាំភ្លើងធំ៣៧៦៣គ្រឿង និងសម្ភារសឹករាប់ពាន់គ្រឿងទៀត»។
នៅពេលនេះដែរប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៊ីកំពុងរៀបចំផែនការអូសបន្លាយយុទ្ធនាការវាយប្រហារដោយយន្តហោះដ្រូនផលិតដោយអុីរ៉ង់ ដើម្បីចង់ធ្វើឱ្យអ៊ុយក្រែនអស់ខ្យល់។
តាមរយៈសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងមានព័ត៌មានថា រុស្ស៊ីកំពុងរៀបចំផែនការអូសបន្លាយពេលវាយប្រហារដោយប្រើយន្តហោះដ្រូន Shahed។ ទីក្រុងមូស្គូ ប្រហែលជាចង់ធ្វើឱ្យកងកម្លាំងប្រជាជន ប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះដ្រូន ក៏ដូចជាកម្លាំងរបស់យើងចុះខ្សោយ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «អ៊ុយក្រែនត្រូវតែធ្វើសកម្មភាពនិងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យពួកភេរវករបរាជ័យ ដូចគោលបំណងផ្សេងទៀតរបស់ពួកគេដែលបានបរាជ័យកន្លងមកនោះ»។
យោធាអ៊ុយក្រែនប្រចាំតំបន់ខាងកើតនៃប្រទេសបានអះអាងផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ Shahed ចំនួន៩គ្រឿង នៅលើដែនអាកាសនៃតំបន់ ឌីនីប្រូប៉េត្រូវស្កិ៍ (Dnipropetrovsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅព្រឹកព្រលឹមថ្ងៃចន្ទសប្តាហ៍នេះ៕
ដោយ៖ ធីរីណា(រូបថត ៖ Getty)