ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ១២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣) ដែលមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះយោធភូមិភាគទី៥។
លោក នាយឧត្តមសេនីយ៍ នាង ផាត បានលើកពីសភាពការណ៍ជាតិ អន្តរជាតិ និងលើកពីប្រវត្តិឆ្លងកាត់ការលំបាកពីសង្គ្រាម រហូតពេលប្រទេសជាតិយើងបានទទួលសុខសន្តិភាពនាពេលបច្ចុប្បន្ននេះ។ លោក បានរំលឹកពីថ្ងៃ៧មករា ទិវាជ័យជម្នះលើកទី៤៤ ពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតដែលប្រជាជនកម្ពុជាបានចាត់ទុកជាថ្ងៃកំណើតទី២ បើគ្មានថ្ងៃ ៧មករា ១៩៧៩នោះទេ ក៏គ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។
យោងតាមសច្ចធម៌ប្រវត្តិសាស្ត្រខាងលើនេះ ស្នើដល់នាយទាហាន នាយទាហានរងនិងពលទាហាន ត្រូវយល់ដឹងនិងចងចាំពីប្រវត្តិសាស្ត្រទាំងនេះ ហើយត្រូវចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ត្រូវចូលរួមថែរក្សាឲ្យបានសុខសន្តិភាពនិងការអភិវឌ្ឍន៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពធូរធាររបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនចូលរួមថែរក្សាឲ្យបានសន្តិភាព និងប្រឆាំងការពារជំងឺកូវីដ-១៩។
លោក បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន ត្រូវរួមសាមគ្គី ឯកភាពគ្នា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់៕
ដោយ ៖ សហការី