ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ ខ្សែ មានប្រវែង៤ ២០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅឃុំវល្លិ៍ស និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចំណាថវិកា១៤,០០០,០០០,០០០រៀល។
នាឱកាសនោះលោក ហ៊ុន ម៉ានី លើកឡើងថា ការដឹក នាំរបស់គណបក្សប្រជាជនរយះពេល៤៤ឆ្នាំ ដែលនឹងមកដល់ថ្ងៃ៧ មករា ខាងមុខនេះសមិទ្ធផលនានា ទាំង អស់ជាបទពិសោធន៍ដែលត្រូវបងប្អូនប្រជាពលរដ្ឋចង ចាំ នៃភាពរីកចម្រើនកន្លង ហើយគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំស្របតាមឆន្ទៈប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋនៅតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនជានិច្ច,ជាការពិតណាស់ការដឹកនាំតែងតែ មានការខ្វះខាតតិចតួចតែគណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាប្រចាំ។
លោក ហ៊ុន ម៉ានី បានថ្លែងថា ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកសំរោងទង ថ្ងៃនេះយើងបានរៀបចំបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៤ ២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលចំណាយថវិកាសរុបចំនួន ១៤,០០០,០០០,០០០រៀល ជាថវិកាឥណទានបន្ថែមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់រដ្ឋបាលខេត្ត កំពង់ស្ពឺ ហើយគម្រោងនេះ ស្ថាបនាសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។
បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ឆ្លងកាត់ចំនួន ៦ភូមិ (ភូមិបាក់ចិញ្ចៀន,ភូមិត្រគៀត,ភូមិថ្មបាំងឃុំវល្លិ៍ស និងភូមិកាំបិត,ភូមិគោកព្នៅ,ភូមិដក់ពរ ឃុំត្រពាំងគង ដែលមានប្រជាពលរដ្ឋរស់នៅ និងទទួលផលចំនួន ៦៨៦គ្រួសារ ស្មើនឹង ៣ ៣២០នាក់ ហើយមានសាលារៀនចំនួន៤ កន្លែង សាលាបឋមសិក្សាទួលស្វាយរ័ត្ន សាលាបឋម សិក្សាសំរោងទង, អនុវិទ្យាល័យសំរោងទង និងអនុ វិទ្យាល័យទន្លេកន្ទិល និងវត្តសំរោទងផងដែរ។
លោកអភិបាលខេត្តបានបន្តថា ការស្ថាបនាផ្លូវបេតុងនេះ គឺដើម្បីសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានផ្ទាល់ ពិសេសសម្រួលដល់ការដឹកជញ្ជូនផ្សេងៗ និងការធ្វើដំណើរទៅ-មករបស់ប្រជា ពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា តាមរយៈសមិទ្ធផល ដែលទទួលបានខាងលើនេះ យើងទាំងអស់គ្នា មិនអាចបំភ្លេចនូវតម្លៃនៃសន្តិភាព ហើយសន្តិភាពមិនអាចកាត់ ថ្លៃបានឡើយ «អរគុណសន្តិភាព» មានសន្តិភាពមាន ការអភិវឌ្ឍ មានការអភិវឌ្ឍទើបធ្វើឱ្យប្រទេសជាតិមាន ការរីកចម្រើនដូចសព្វថ្ងៃ។ ដូចនេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារតម្លៃនៃសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់៕
ដោយ៖ សូរិយា