ភ្នំពេញ៖ យប់ថ្ងៃទី៧ ខែមករានេះ កងទ័ពមួកខៀវកម្ពុជាជិត៥០រូបបន្ថែមទៀត បានចេញដំណើរបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី ដើម្បីពង្រីកការធ្វើសកម្មភាពបោសសំអាតគ្រាប់មីន កម្ទេចកាកសំណល់សង្គ្រាម គ្រាប់មីនទាន់ផ្ទុះ និងការស្ថាបនា ថែទាំព្រលានយន្តហោះ។
បើតាមឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងក្នុងឱកាសជូនដំណើរកងកម្លាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ជាក់ស្តែងការបញ្ជូនទ័ពមួកខៀវកម្ពុជាប្តូរវេនរយៈពេល១ឆ្នាំម្តងទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅប្រទេសម៉ាលីនេះ គឺមានចំនួនសរុប ២៧៣រូប ហើយការបញ្ជូននោះត្រូវបានធ្វើឡើងជាពីរដំណាក់កាល ហើយនៅដំណាក់កាលចុងក្រោយនេះ ត្រូវបានចេញដំណើរនៅយប់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៣ មានចំនួនសរុប ៤៨រូប។
លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ថ្លែងថា សម្រាប់កងកម្លាំងមួកខៀវកម្ពុជា ដែលបញ្ជូនទៅប្រទេសម៉ាលីនោះ គឺមានតួនាទីភារកិច្ចសំខាន់ធ្វើ សកម្មភាពបោសសំអាតគ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) និងកងកម្លាំងវិស្វកម្មធ្វើការថែទាំព្រលាន យន្តហោះ ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ។
លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀតដែលរងផលប៉ះពាល់ដោយសង្គ្រាម។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៥២៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,អាហ្វ្រិកកណ្តាល,លីបង់, ស៊ីប,ស៊ីរី,ម៉ាលី និងយេម៉ែនខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕
ដោយ៖ សុថាន