ភ្នំពេញ ៖ លោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណ:កម្មការផ្សារជម្ពូវ័ន្ត បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះថា៖ បងប្អូនអាជីវករមកបើកតូបលក់ដូរមានចំនួនប្រហែល៨០% និងអតិថិជនចេញចូលមកទិញទំនិញ មានប្រហែល ៧០%។ ក្នុងនោះ អាជីវករ និងអតិថិជន មិនសូវពាក់ម៉ាស់មានចំនួនប្រហែល៧០% និងបន្តពាក់ម៉ាស់ចំនួនប្រហែល៣០%ប៉ុណ្ណោះ ។
លោកបន្តថា មកដល់ពេលនេះ គណ:កម្មការផ្សារនៅតែបន្តណែនាំឱ្យបងប្អូនអាជីវករ និងអតិថិជនអនុវត្តវិធានការ ៣កុំ ៣ការពារ ជានិច្ច។ ចំពោះបញ្ហាទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃមិនមានការឡើងថ្លៃទេ។
លោក លាប ប៊ុនណ្ណារិទ្ធ បានឱ្យដឹងទៀតថា គណ:កម្មការផ្សារ តែងតែផ្សព្វផ្សាយដល់អាជីវករផ្សារ ត្រូវតែប្រុងប្រយ័ត្ន បិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទៀន ធូប ជាមុនសិន មុននឹងចាកចេញពីតូបត្រលប់ទៅផ្ទះវិញ។ ក្រុម ការងារគណៈកម្មការផ្សារធ្វើអនាម័យនិងចុះល្បាតជុំវិញផ្សារជាប្រចាំ ដើម្បីបង្ការទប់ស្កាត់បទល្មើស និងបរិស្ថានល្អ និង សម្រួលចរាចរណ៍កុំឱ្យមានការចតឬឈប់មុខបរិវេណផ្សារ នាំឱ្យមានការកកស្ទះចរាចរណ៍។
លោកបន្តថា គណៈកម្មការផ្សារ ក៏នៅតែបន្តដាក់អាល់កុលលាងសម្អាតដៃ នៅមុខខ្លោងទ្វារទីស្នាក់ការផ្សារ ទុកសម្រាប់បងប្អូនអាជីវករផ្សារ និងអតិថិជន លាងសម្អាតដៃសម្លាប់មេរោគ និងបានចុះពិនិត្យ និងដើរល្បាតជុំវិញបរិវេណផ្សារ ដោយពុំអនុញ្ញាតឱ្យមានការកត់កន្ទុយ លេខ និងលេងល្បែងស៊ីសងខុសច្បាប់នោះឡើយ ៕
ដោយ៖ សំរិត