ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានដាក់ទិសដៅផែនការសម្រាប់សកម្មភាពបោសសម្អាតមីនចេញពីផ្ទៃដីក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ ឱ្យបានប្រមាណ ២៦០ គីឡូម៉ែត្រក្រឡាបន្ថែមទៀត។
លោកថ្លែងបែបនេះក្នុងពិធីបូកសរុបលទ្ធផលការងារប្រតិបត្តិឆ្នាំ២០២២ និងលើកទិសដៅផែនការឆ្នាំ២០២៣ កាល ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការអង្គ ភាពស៊ីម៉ាក់។
លោកអគ្គនាយក ហេង រតនា បានមានប្រសាសន៍ថា «ក្នុងឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ បានរំដោះផ្ទៃដីមានមីន បានទំហំជាង ១៩៤ គីឡូម៉ែត្រក្រឡា បើប្រៀប ធៀបនិងផែនការស្នើនិងប្រមាណ ១៧០ ភាគរយនៃផែនការ»។
បើតាមលោក ហេង រតនា សម្រាប់យុទ្ធសាស្រ្ដ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា អនុវត្តតាមអនុសាស្រ្ដរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានផ្ដួចផ្ដើមកើតនូវមូលនិធិកម្ពុជាគ្មានមីន ដើម្បីរំដោះគ្រាប់មីនចេញពីកម្ពុជា ទៅតាមផែនការដែលបានគ្រោងទុក គឺកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។
លោកអគ្គនាយកបញ្ជាក់ថា «ឆ្នាំ២០២៣នេះ យើងមានផែនការធ្វើឱ្យបាន ២៦៥ គីឡូម៉ែត្រក្រឡា។ យើងសប្បាយរីករាយដែលសម្ដេចតេជោ លោកបានយកចិត្តទុកដាក់ ហើយបានបង្កើតមូលនិធិកម្ពុជាគ្មានគ្រាប់មីន ២០២៥ ដែលមូលនិធិនេះដើរតួនាទីសំខាន់នូវក្នុងការជំរុញវិស័យសកម្មភាពមីនឱ្យសម្រេចតាមទស្សនៈវិស័យកម្ពុជាគ្មានមីន ឆ្នាំ២០២៥»៕
ដោយ៖ សូរិយា