ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! រថយន្ត២គ្រឿងបុកគ្នាផ្អើលអ្នកភូមិទាំងយប់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍ទៅសមត្ថកិច្ចទាំងយប់ចុះមកធ្វើអន្តរាគមន៍បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួររន្ធត់រវាងរថយន្តពីរគ្រឿងបុកស្របទិសគ្នាពីក្រោយពេញទំហឹងលាន់សូរដូចរន្ទះ តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៤និងលេខ១៣៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។

   បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿងម៉ាកTOYOTA SIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BA-២៣៣៥លើផ្លូវជាតិលេខ១ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយ័ត្នក៏បុករថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកពីក្រោយក្នុងទិសដៅស្របគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយមកអ្នកបើករថយន្តបង្កហេតុម៉ាក TOYOTA SIENNA បានបើកទ្វារចេញពីក្នុងរថយន្តទាំងអាការឈឹចុកចាប់និងដើរគេចខ្លួនបាត់ភ្លាមៗ ចំណែកអ្នកបើករថយន្តមិនស្គាល់ម៉ាកបានបើកគេចចេញពីកន្លែងកើតហេតុទៅទិសខាងកើតបាត់ស្រមោលទៅ។

   សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ : ដោយសារតែអ្នកបើកបររថយន្តម៉ាក TOYOTA SIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BA-២៣៣៥ ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖ សុថាន


ចែករំលែក៖